រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តកណ្តាលទទួលបានភ្ញៀវទេសចរជាង ១៨ម៉ឺននាក់
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងខេត្តកណ្តាល នាឱកាសពិធីប្រណាំងទូក ដែលបានប្រព្រឹត្តឡើងអស់រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានមកកម្សាន្តមានចំនួនប្រមាណ១៨ម៉ឺននាក់។
ក្នុងនោះថ្ងៃទី១ មានភ្ញៀវទេសចរប្រមាណ ៨ម៉ឺននាក់ និងថ្ងៃទី២មានចំនួន១០ ម៉ឺននាក់ បើទោះបជាមានភ្លៀងធ្លាក់រំខានយ៉ាងណាក្តី។
ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ប្រកបដោយវិបុលភាពពីសំណាក់ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានរៀបចំកែលម្អសួនច្បារ សួនកម្សាន្ត លើកកម្ពស់ភាពបៃតង ដែលជាកត្តានាំឱ្យមានការភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករក្នុងពិធីប្រណាំងទូក ព្រមទាំងបានរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ឱ្យបានល្អប្រសើរផងដែរ។
ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្នុងនោះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់៕