ពិធីបុណ្យអុំទូកនៅខេត្តកណ្តាល ថ្ងៃទី១ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តមានចំនួនជាង៨ម៉ឺននាក់
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងខេត្តកណ្តាល នាឱកាសពិធីបុណ្យអុំទូក ថ្ងៃទី១ មានចំនួនជាង៨ម៉ឺននាក់ បើទោះបីមានការរំខានដោយភ្លៀងក៏ដោយ។ នេះបើយោងតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល។
ពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ផ្តើមបើកជាផ្លូវការ រសៀលថ្ងៃទី១៧ ខែតុលា ក្រោមវត្តមានរបស់លោកគួច ចំរើន អភិបាលខេត្តកណ្តាល លោកនូ សាខន ប្រធានក្រុមប្រឹក្សាភិបាលខេត្តកណ្តាល និងលោកម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។
ដោយឡែកដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងនោះរដ្ឋបាលខេត្តបានរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ឱ្យបានល្អប្រសើរផងដែរ។
ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្នុងនោះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់៕