ក្រសួងបរិស្ថានពង្រឹងការអនុវត្តច្បាប់បរិស្ថានជាមួយការពង្រឹងសមត្ថភាពមន្រ្តីជំនាញសវនកម្មផ្ទៃក្នុង

រដ្ឋមន្ត្រីបរិស្ថាន បញ្ជារអោយមន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាន ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ការចេញបទបញ្ជានេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ការងារ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំ៣សំខាន់គឺស្អាត បៃតង និងចីរភាព។ ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅបង្កើនគម្របព្រៃឱ្យបានច្រើន និងសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោកបន្ថែមថា «មន្រ្តីបរិស្ថានត្រូវមានភាពស្អាត ដូចមានចែងក្នុងយុទ្ធសាស្រ្តចក្រា ដែលយកច្បាប់ ទៅប្រើប្រាស់ក្នុង បុព្វហេតុការពារបរិស្ថាននិងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងសង្គម»។

ជាមួយគ្នានេះដែរលោកបណ្ឌិត អ៊ាង សុផល្លែត ដោយជំរុញឱ្យមន្រ្តីប្រើប្រាស់ ក្រមបរិស្ថាននិងធនធានធម្មជាតិជាគោល ក្នុងការបំពេញភារកិច្ច។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ខ្ញុំបានវាយតម្លៃខ្ពស់ចំពោះ«ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលជួយដល់មន្រ្តីបរិស្ថាន យល់ច្បាស់បន្ថែមពីក្របខណ្ឌច្បាប់ និងក្របខណ្ឌជំនាញរបស់សវនកម្មផ្ទៃក្នុង ដើម្បីយកទៅបំរើការងារប្រចាំថ្ងៃដល់អង្គភាព ប្រកបដោយប្រសិទ្ធភាព ពង្រឹងកសាងសមត្ថភាព និងស្វែងយល់កាន់តែច្បាស់ពីការគ្រប់គ្រងផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកពីវិធានតឹងរឹងទាំង៤ របស់ក្រសួងបរិស្ថាន ដែលតម្រូវឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងបរិស្ថាន ឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច៕

អត្ថបទដែលជាប់ទាក់ទង