តំណាងអយ្យការចោទប្រកាន់លោក ដួង តារា ពីបទ ឆបោក និងបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួន
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីសំណុំរឿងលោក ដួង តារា ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានចោទប្រកាន់ពីបទឆបោក.តាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយបញ្ចប់ការសាកសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយសំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឲ្យចៅក្រមឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
បើយោងតាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការនោះ ច្បាប់តម្រូវឲ្យផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារពី៦ ខែទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ៦លាន រៀល ។
សូមរម្លឹកកាលពីរសៀលថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២៤ សមត្ថ កិច្ចនគរបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តន៍ដីកាបញ្ជាឲ្យនាំខ្លួនលោក ដួង តារា ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ៕