សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងឆបោករបស់ លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីកាបង្កកទ្រព្យសម្បត្តិ លី សាម៉េត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចទម្លាយដោយឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លោក លី សាម៉េត (ហៅគ្រូមា) ដើម្បីទុកសងដល់អ្នកចាញ់បោក។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្តេចបានទម្លាយយ៉ាងដូច្នេះថា ៖ «ដោយរឿងច្រើនពេកថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅគ្រូមា)។
លោក លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូត ថា យកលុយ ដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេល ដែល លី សាម៉េត មិនដឹងថា ផ្ទះខ្ញុំបែរមុខទៅខាងណាផង ។
ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារ ថា យកមកឲ្យខ្ញុំ តែពេល សុខ ឡេង ផ្តាំឲ្យសួរខ្ញុំ តាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ ដោយពេលនោះ យក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់ នៅស្នងការនគរបាលក្រុងភ្នំពេញ។
នេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូ មកខ្ញុំ អមដោយសារសំឡេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ) ។
ថ្ងៃនេះ ខ្ញុំទទួលវីដេអូ ពីលោក កន សុខកាយ អភិបាលក្រុងអរីយក្សត្រ ថា លី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ឆ្នាំ ជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាច ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខា តែងតាំង និងតំឡើងស័កមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថា តាមការស្នើសុំ ឬតាមសំណូកណាមួយនោះ
ឡើយ ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួន ទទួលបានការតែងតាំងហើយ ទទួលបានការជួយពីខ្ញុំ ថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ ។
ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះខ្ញុំ ទៅប្រើ ។
ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត ។
២.អ្នកចាញ់បោក លី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវី សម្តេចតេជោ ។
៣.ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿង ដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់ ។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់»៕