WMC រៀបចំកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រី
ដើម្បីពង្រឹងការងារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ព្រមទាំងសេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន គោរពការងាររៀងៗខ្លួន អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រីនៅភ្នំពេញ និងបណ្តាខេត្តនានា។
កិច្ចពិភាក្សាថ្នាក់ជាតិស្តីពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិ ដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាល និងយល់គ្នាកាន់តែច្បាស់រវាងអ្នកសារព័ត៌មានស្រ្តី និងនគរបាលជាតិ មានការចូលរួមក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានគោលបំណងសំខាន់ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងមន្ត្រីនគរបាល និងអ្នកសារព័ត៌មាន ដែលជួយឱ្យពួកគេខិតជិតគ្នា ព្រមទាំងជំរុញកិច្ចសហការ និងការទទួលបានព័ត៌មាន រួមចំណែកគោលដៅអភិវឌ្ឍន៍ចីរភាព។
លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិមណ្ឌលព័ត៌មានស្ត្រីកម្ពុជា សង្ឃឹមថា កិច្ចពិភាក្សានេះ និងបង្កើនបាននូវកិច្ចសហប្រតិបត្តិការល្អ ការយោគយល់គ្នា និងការទំនាក់ទំនងយ៉ាងជិតស្និតរវាងអ្នកអនុវត្តច្បាប់ និងអ្នកសារព័ត៌មានជាស្ត្រីឱ្យកាន់តែប្រសើរឡើង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់នគរបាលជាតិ និងអ្នកសារព័ត៌មានក្នុងការសិក្សា ស្វែងយល់ពីគ្នា ក៏ជាឱកាសចែករំលែកបទពិសោធទៅវិញទៅមក និងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយមួយដែលល្អប្រសើរដូចគ្នា។ លោកបន្តថា កម្មវិធីនេះ មិនត្រឹមតែជាកិច្ចពិភាក្សានោះទេ ក៏វេទិកាមួយដើម្បីឱ្យគម្លាតរវាងអ្នកសារព័ត៌មាន និងមន្ត្រីនគរបាលជាតិកាត់បន្ថយផងដែរ។
សូមជម្រាបថា ប្រធានបទនៃការពិភាក្សាមានដូចជា សារៈសំខាន់នៃអ្នកសារព័ត៌មានក្នុងរបបលទ្ធិប្រជាធិបតេយ្យ បញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាក្នុងវិស័យសារព័ត៌មាន តួនាទីរបស់សមត្ថកិច្ចក្នុងការរក្សាសុវត្ថិភាពអ្នកសារព័ត៌មានក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗ និងច្បាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ។ ចំណុចពិភាក្សាសំខាន់ៗនឹងត្រូវបានបង្កើតឡើងដោយផ្អែកលើធនធានដែលមានស្រាប់ និងលទ្ធផលនៃការពិភាក្សាពីការសន្ទនាក្នុងអំឡុងពេលបណ្តុះបណ្តាលផងដែរ៕