លោកសំ សឿន ៖ គាំទ្រការដំឡើងប្រាក់ឈ្នូលកម្មករសម្រាប់ឆ្នាំ២០២៥ ខណៈការចចារនេះផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចស្របតាមស្តង់ ILO
ភ្នំពេញ ៖ ក្រោយពីមានសេចក្តីសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៥ កើនដល់ចំនួន ២០៨ ដុល្លារក្នុងមួយខែ ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានថ្លែងថា លោក និងសមាជិកសហជីពផ្សេងទៀតបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងនេះ ខណៈការចចារនេះផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារ (ILO) បានកំណត់។
ជាមួយការគាំទ្រនេះលោកប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនដល់កម្មករនិយោជិត ព្រមទាំងបន្តជំរុញឱ្យមានបរិយាកាសវិនិយោគនិងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។
លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ឋបន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតទាំងអស់ ដើម្បីធានានស្ថេរភាពការងារ និងការវិនិយោគនៅកម្ពុជា។
លោកថា ក្នុងនាមលោកតំណាងឱ្យកម្មករនិយោជិត ហើយក៏ជាសមាជិកចូលរួមក្នុងការចរចាឈ្នួល បានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការនៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលជាយន្តការត្រីភាគីតាំងពីកិច្ចប្រជុំលើកទី១ រហូតមកថ្ងៃបញ្ចប់ការចចារ។
លោកបន្ថែមថា លោក ក៏ដូចជាសមាជិកសហជីពផ្សេងទៀតបានសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស វិជ្ជាជីវៈ និងមានលក្ខណៈវិទ្យាសាស្ត្រ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារ (ILO) បានកំណត់។
ប្រធានសហជីពរូបនេះបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួលរបស់កម្មករនិយោជិត គឺជាកំណើនប្រាក់ចំណូលរបស់កម្មករយើងយ៉ាងពិតប្រាកដដែលនឹងជួយសម្រួលដល់ជីវភាពពួកគាត់ ជាពិសេសប្រាក់ធ្វើការថែមម៉ោងរបស់ពួកគាត់ក៏នឹងកើនឡើងទៅតាមនោះដែរ»។
លោកថា៖«ខ្ញុំបានកត់សម្គាល់ឃើញថា ការដំឡើងប្រាក់ឈ្នួលនេះ មិនមែនកើតឡើងពីការធ្វើបាតុកម្ម ឬការដាក់សម្ពាធទៅលើភាគីណាមួយនោះទេ ប៉ុន្ដែវាកើតចេញពីឆន្ទៈរបស់ត្រីភាគី ជាពិសេសប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូដល់ជីវភាពបងប្អូនកម្មករនិយោជិតរបស់យើងជានិច្ច»។
ជាងនេះទៅទៀត សហជីពគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់កាលៈទេសៈ។
ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផងដែរកំពុងទទួលរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកលដែលនាំឱ្យតម្រូវការសាកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។
លើសពីនេះទៅទៀត កម្មករក៏បាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗអំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និង ថ្លៃអគ្គិសនីនៅតាមផ្ទះជួលរួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផងដែរ៕