មេសហភាពពលកម្មជាតិកម្ពុជា អំពាវនាវអោយពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ ទៅលេងស្រុកកំណើតនារដូវភ្ជំ ដើម្បីកាត់បន្ថយការចំណាយ

ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជា​ពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រធានសហភាពពលកម្មជាតិកម្ពុជា អំពាវនាវអោយប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តរបស់សាលាក្រុង ដើម្បីកាត់បន្ថយការចំណាយ។

លោកសំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអោយអោយដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សាលាក្រុងភ្នំពេញ បានរៀបឡានដឹកពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ លោកថា  ប្រជាពលរដ្ឋដែលជ្រើសរើសមធ្យោបាយធ្វើដំណើរតាមឡានក្រុងដែលរៀបចំដោយសាលាក្រុង កាត់បន្ថយការចំណាយ រួមទាំងមានផាសុខភាព និងសុវត្ថិភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះដែរលោកបានអំពាវនាវអោយអ្នកដែលប្រើមធ្យោបាយផ្ទាល់ខ្លួន សូមចូលរួមគោរពច្បាប់អោយបានគ្រប់គ្នា ចេះយោគយល់គ្នាតាមដងផ្លូវ ព្រោះជាពេលវេលាដែលយើងត្រូវជួបជុំសប្បាយជាមួយគ្រួសារនាឱកាសបុណ្យភ្ជំបិណ្ឌនេះ។

ក្រៅពីនេះប្រធានសហភាពពលកម្មជាតិកម្ពុជារូបនេះ ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល កុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា រៀងរាល់ពិធីបុណ្យធំៗនៅក្នុងប្រទេសកម្ពុជាម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិជាដើម រដ្ឋាភិបាល តែងតែបញ្ចេញរថយន្ត សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ។ ការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃនេះ គឺដើម្បីជួយស​ម្រួល​ដល់ការចំណាយជូនកម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ។ ដោយឡែកសម្រាប់រដូវភ្ជំឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដឹកប្រជា​ពលរដ្ឋ ដោយឥតគិតថ្លៃ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង
Open