ខេត្តចំនួន៧ និងដំណាំជាង១ម៉ឺនហិកតាបានរងគ្រោះដោយសារទឹកជំនន់
ភ្នំពេញ៖ ខេត្តចំនួន៧ រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាបបានរងគ្រោះដោយសារទឹកជំនន់។ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋជាង១ម៉ឺនហិកតា។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានអោយដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា រហូតមកទល់ពេលនេះគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាទិ៍ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ក្នុងខេត្តទាំង៧នោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២ ០០៨ហិកតា ,ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ ហិកតា។
បច្ចុប្បន្ននេះ អាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធនៅតាមបណ្តាខេត្តដែលរងការជន់លិចទាំង៧ខាងដើមនោះ បានជម្លៀសពលរដ្ឋទាំងអស់ មកកាន់ទីទួលមានសុវត្ថិភាពរួចរាល់ហើយ ដោយមានការរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន៕