ទឹកធ្លាក់ «ឡែងកៅ» កំពុងត្រៀមខ្លួនបង្ហួតទេសចរ មកលេងកម្សាន្ត ដែលបានលាក់ខ្លួន ក្នុងព្រៃធម្មជាតិ លើទឹកដីខេត្តមណ្ឌលគិរី

សហគមន៍ទឹកធ្លាក់ «ឡែងកៅ» ជាតំបន់ទេសចរណ៍ មួយដែលពុំទាន់ មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែ មានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់។

កញ្ញា សែន ទី ជាគណៈកម្មការអេកូទេសចរណ៍ទឹកធ្លាក់ ឡែងកៅ បានឱ្យដឹងថា តំបន់ទេសចរណ៍ ទឹកធម្មជាតិនេះបានបង្កើតឡើងនៅឆ្នាំ ២០២៣ ហើយតំបន់អេកូទេ ចរណ៍ធម្មជាតិនេះ ទទួលបានការគាំទ្រពី គម្រោង ទេសចរណ៍រេដបូកនៅក្នុងឆ្នាំ២០២៤ បានទទួលថវិកាពី គម្រោងរេដបូកជាង២ម៉ឺនដុល្លារ។

កញ្ញា បញ្ជាក់ថា តំបន់ទេសចរណ៍នេះ មានលក្ខណៈ សំខាន់ដែលជា សក្តានុពល មានជ្រោះចំនួន៣ ជាន់ ព្រមទាំងផ្ទាំងថ្មធំៗ ព្រមទាំងធម្មជាតិ ដើមឈើធំៗ ដែល មានភាពស្រស់បំព្រងរួមទាំងសត្វ៥៨ ប្រភេទ។

គិតចាប់ពីថ្ងៃបើកឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត រហូតមកពេលនេះ ទឹកធ្លាក់ឡែងកៅនេះបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាន ជាង២០០ នាក់ហើយ។ សម្រាប់តំបន់ ទេសចរណ៍នេះក៏មានទទួលសេវាសម្រាប់ភ្ញៀវដូចជា៖ មានម្ហូបរបស់ បងប្អូន ជនជាតិភាគតិចមានសេវា ជូនភ្ញៀវដើរតាម កន្លែងនានាជាដើម។ នេះបើតាមការបញជាក់របស់កញ្ញា សែន ទី។

ទឹកធ្លាក់ឡែងកៅ គឺទឹកធ្លាក់ធម្មជាតិមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ ១គីឡូម៉ែត្រ នៅខាងស្តាំដៃ ឬ២៦គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។ ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត គ្រាន់តែធ្វើដំណើរដោយថ្មើជើង ចុះពីផ្លូវក្រាលថ្មជាង៥០០ ម៉ែត្រប៉ុណ្ណោះនោះនឹង បានឃើញទឹកធ្លាក់ពីលើកំពូលភ្នំ១កន្លែងមានភាព ទាក់ទាញដោយលាយឡំនឹងអាកាសធាតុត្រជាក់៕

អត្ថបទដែលជាប់ទាក់ទង