ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការដកខ្លួន​ចេញពី​គម្រោង​ CLV

ភ្នំពេញ​៖​ ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បាន​ដកខ្លួន​ចេញពី​គម្រោង​ អភិវឌ្ឍ​តំបន់ត្រីកោណ​ កម្ពុជា​-​ឡាវ​-​វៀតណាម ​(CLV) ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា កន្លង​ទៅ​នេះ​ក្រុម​ជ្រុលនិយម បាន​ចាប់​យក​ចំណុច​នេះ​ ធ្វើ​ជា​អាវុធ​នយោបាយ ដើម្បី​មួលបង្កាច់ និង​វាយប្រហារ​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូត​កុហក​ឥត​ឈប់​ឈរ​ ធ្វើ​ឱ្យ​ប្រជាជន​មួយ​ចំនួន​មានការ​ភាន់ច្រឡំ​។

លោក​បានអោយដឹងថា​ «​ក្នុង​នាម​ខ្ញុំ​ជា​មេដឹកនាំ​សហជីព សូម​គាំទ្រ​ទាំងស្រុង​នូវ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​នេះ ព្រោះ​ការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ ពិតជា​បាន​ពិចារណា​យ៉ាង​ច្បាស់លាស់ និង​ប្រកាន់​ជំហរ​សាមគ្គីភាព បូរណភាព​ទឹកដី​របស់​យើង​»។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៣ ខែកញ្ញា លោក សំ សឿន ព្រម​ទាំង​ក្រុម​ការងារ​ សហភាពពលកម្ម​ជាតិ​កម្ពុជា​ NLC និង​ក្រុម​ការងារ​សប្បុរសធម៌​ តំណាង​ដោយ​ លោក​ សៀ​ គីមឆាយ​ បាន​យកសម្ភារៈសិក្សា​ចែក​ជូន​ដល់​សិស្សានុសិស្ស​ចំនួន​៤០០នាក់​ នៅ​សាលា​បឋមសិក្សា​ ដាក់ដាំ​ ស្ថិតនៅ​ឃុំដាក់ដាំ​ ស្រុក​អ៊ូររាំង​ ខេត្ត​មណ្ឌល​គិរី​។

សម្ភារៈសិក្សា​ អាវក្មេងសិស្សទី១​ និងទី២​ ចំនួន​ ២០០អាវ, សម្ភារៈ​សិក្សា​សម្រាប់​សិស្ស​សរុបចំនួន​ ៤០០ឈុត​ មានដូចជា៖​ កាតាប​ ប៊ិក២ដេីម​ ខ្មៅដៃ​២ដេីម​ ជ័រលុប​ និងបន្ទាត់ កន្សែង​ពោះ​គោ​ ១​, ថវិការ​ចំនួន​ ៥០០០រៀល​ ដល់​សិស្ស​ចំនួន​៤០០​នាក់​ =២០០០០០០​៛, លោកគ្រូ​ អ្នកគ្រូ​ ចំនួន​ ១១នាក់​ ទទួល​សាក់កាដូរមួយ​ កន្សែង​ពោះគោ​ និងថវិការ​ ៥០០០០រៀល/នាក់​, ជូនកុំព្យូទ័រ​ និងម៉ាស៊ីន​ព្រីនធ័រ​ ១ឈុត​ ក្រដាស់​ ដល់សាលាសម្រាប់ប្រេីប្រាស់, ថវិការចំនួន​ ១លានរៀល​ ព្រមទាំងកងកម្លាំងមូលដ្ឋានដែលបានចូលរួមចំនួន​ ៧រូប​ ក្នុងមួយរូប​ សាក់កាដូរមួយ​ កន្សែង​ និងថវិការចំនួន​ ៥០០០០រៀល។

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្សេង​ៗ​ទៀត ​នៅ​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​ នេះ បាន​ប្រកាស​ពី​ការ​សម្រេច​របស់​កម្ពុជា ក្នុង​ការ​បញ្ចប់​ការ​ចូលរួម ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​តទៅ​។​ការ​បញ្ចប់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ដើម្បី «​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​» កុំ​ឲ្យ​មាន​លទ្ធភាព​ញុះញង់​បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត៕

 

អត្ថបទដែលជាប់ទាក់ទង