ទីបំផុត ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៥ ឡើងដល់ ២០៨ដុល្លា
ក្រោយការចចារប្រាក់ឈ្មូលចំនួន៥លើក កន្លងមកនៅទីបំផុត ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន សម្រាប់ឆ្នាំ២០២៥ ត្រូវបានឡើងដល់ ២០៨ដុល្លារ។
ការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២ដុល្លារ បន្ថែមលើតួលេខចាស់ និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្ដល់ជូន ២ដុល្លារថែមទៀត ពោលគឺប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ នឹងកើនដល់ ២០៨ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ។
គួរជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ១៥ លើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៨ដុល្លារអាម៉េរិក និង ២១៤ដុល្លារអាម៉េរិក, ខណៈតំណាងភាគីនិយោជកបានលើកនូវតួលេខចំនួន ២០៦ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយ។
ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់តួលេខ ២០៦ដុល្លារអាម៉េរិកក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល ពិនិត្យនិងផ្តល់អនុសាសន៍បន្ត ស្របតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
ភ្លាមៗនោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្ដល់ជូន ២ដុល្លារអាម៉េរិកថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ កើនដល់ ២០៨ដុល្លារអាម៉េរិកក្នុងមួយខែ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះដែល តំណាងភាគីកម្មករនិយោជិតបានគោរពស្នើសុំនូវសំណូមពរចំនួន ៧ ចំណុច និងតំណាងភាគីនិយោជក បានគោរពស្នើសុំនូវសំណូមពរចំនួន ២ ចំណុច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយ៕