រដ្ឋមន្ត្រីកសិកម្ម ទទួលជួបក្រុមហ៊ុនផ្គត់ផ្គង់ម្រេច ដើម្បីពិភាក្សាអំពីការពង្រឹងគុណភាព និងពង្រីកទីផ្សារនាំចេញ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភើរ​ ខូអិលធីឌី​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការរក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។

លើសពីនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយផ្តោតលើគុណភាពល្អ ប្រណិត មានស្តង់ដាខ្ពស់ ជួយកសិករនៅផ្នែកកែច្នៃ និងនាំចេញទៅទីផ្សារ ធ្វើយ៉ាងណាឱ្យខ្សែច្រវាក់តម្លៃ​ មានភាពល្អប្រសើរ ផ្ដោតលើគុណភាព ជាជាងប្រកួតប្រជែងលើបរិមាណ។

បើតាមលោករដ្ឋមន្ត្រី ក្រុមហ៊ុនអាចពិចារណាសហការជាមួយសហគមន៍កសិកម្មទំនើប ដែលអាចផលិតទៅតាមតម្រូវការរបស់ក្រុមហ៊ុន មានគុណភាពល្អ មានធនធានគ្រប់គ្រាន់សម្រាប់ផលិតកម្ម មានប្រសិទ្ធភាពសេដ្ឋកិច្ច ទទួលបានការវិនិយោគ និងចែករំលែកផលចំនេញទាំងអស់គ្នា។

លើសពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មត្រូវការការចូលរួមពីវិស័យឯកជន និងក្រុមហ៊ុន លើកកម្ពស់ការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ផលិតកសិផលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់។

សម្រាប់កម្ចីដែលមានអត្រាការប្រាក់ទាប លោករដ្ឋមន្ត្រី បានណែនាំអោយក្រុមហ៊ុនសហការជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីអាចមានលទ្ធភាពក្នុងការធ្វើការជាមួយធនាគារពាក់ព័ន្ធ ក្នុងការផ្តល់កម្ចី ដោយឆ្លងកាត់ការគិតគូរនិងការវាយតម្លៃច្បាស់លាស់ ព្រមទាំងមានលទ្ធភាពសងត្រលប់៕

អត្ថបទដែលជាប់ទាក់ទង