ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គពិនិត្យលើការប្រឈមសម្រាប់រក្សានិរន្តភាពបរិស្ថាន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានអោយដឹងថា មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោលពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែ បច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែតាមរយៈកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។

ថ្លែងក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការលើកកម្ពស់គុណភាពបរិស្ថាន មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គង្គ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែ វាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល។

លោករដ្ឋមន្ត្រី បានបន្ថែមថា «កិច្ចប្រជុំរដ្ឋមន្រ្តី GMS ជាឱកាសដែលដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តភាព បង្កើតភាពជាដៃគូ ចែករំលែកចំណេះដឹង ធនធាន និងកសាងភាពធននឹងអាកាសធាតុ នៅក្នុងតំបន់ GMS ដើម្បីធានាថាធនធានធម្មជាតិរបស់យើងត្រូវបានធានា សម្រាប់យុវជនជំនាន់ក្រោយ»

ដោយឡែកលោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលស្គាល់ថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ពិតជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច។

លោកស្រីបន្ថែមថា យ៉ាងណាក៏ដោយ វាក៏ជាតំបន់ដែលងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមដែលយើងកំពុងជួបមានការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុជាដើម។ ADB ទទួលស្គាល់នូវតម្រូវការសំខាន់ សម្រាប់សកម្មភាពបន្ទាន់ និងរួមគ្នា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ប្រទេស GMS ក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនផ្លាស់ប្តូរទេ។

អនុប្រធាន ADBរូបនេះបន្ថែមថា «ភារកិច្ចនៅចំពោះមុខយើង គឺត្រូវរួមបញ្ចូលភាពធន់នឹងអាកាសធាតុ និង  និរន្តរភាពបរិស្ថានទៅក្នុងគ្រប់ផ្នែកនៃផែនការអភិវឌ្ឍន៍ គោលនយោបាយ និងការវិនិយោគរបស់យើង។ អាស្រ័យហេតុនេះ ADB បានប្តេជ្ញាបែងចែកធនធានផ្ទាល់របស់ខ្លួន ដែលមានទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០»

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរៀបចំប្រកបដោយនិរន្តភាពបរិស្ថាននៅពេលអនាគត គោលនយោបាយ ដើម្បីការពារបរិស្ថាន លើកកម្ពស់ការអភិវឌ្ឍបៃតង និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្រចក្រាលើវិស័យបរិស្ថាន ២០២៣ ដល់២០២៨ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដើម្បីកាត់បន្ថយការបំពុល និងភាពកង្វក់ដោយប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ៣សំខាន់ ភាពស្អាតលើដី ភាពស្អាត ក្នុងដែនទឹក ភាពស្អាតដែនអាកាស រួមជាមួយការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីអនាគតកម្ពុជា ក៏ដូចជាតំបន់មួយប្រកបដោយនិរន្តភាព៕

អត្ថបទដែលជាប់ទាក់ទង