ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករ ប្រើពូជស្រូវជាតិ ពីព្រោះលក់បានថ្លៃ និងឆាប់បានផល
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឱ្យកសិករ ប្រើពូជស្រូវជាតិ ពីព្រោះលក់បានថ្លៃ និងឆាប់បានផល ធ្វើឱ្យកសិករកាត់បន្ថយបានជាអតិបរមានូវហានិភ័យ។ ការអំពាវនាវនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការត្អូញត្អែររបស់ប្រជាកសិករទៅលើការធ្លាក់ចុះនៃតម្លៃស្រូវនារដូវប្រមូលផល។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម អះអាង ទោះបីជាតម្លៃស្រូវសើមនាដើមរដូវនេះធ្លាក់ថ្លៃពិតមែន តែប្រជាកសិករនៅតែទទួលបានប្រាក់ចំណេញ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះទទូចឱ្យបងប្អូនប្រជាកសិករងាកមកដាំដុះប្រភេទពូជស្រូវរបស់ខ្មែរ មានពូជស្រូវសែនក្រអូប ០១ ឬផ្ការំដួល ជាដើម។ ការដាំពូជស្រូវក្នុងស្រុក រោងម៉ាស៊ីនកិនស្រូវ នឹងទទួលទិញក្នុងតម្លៃខ្ពស់ ដែលខុសពីការដាំដុះពូជស្រូវនាំចូលពីក្រៅ គឺតម្លៃស្រូវទាំងនោះ ប្រែប្រួលទៅមាត់ឈ្មួលប្រទេសជិតខាងកម្ពុជា។
បើតាមកញ្ញា អ៊ឹម រចនា ក្រសួងកសិកម្ម តែងតែបានពន្យល់លើកទឹកចិត្ត និងជំរុញឱ្យកសិករដាំស្រូវ ដែលជាពូជជាតិដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា បានផលចំណេញច្រើនដល់កសិករ ខណៈការដាំស្រូវពូជនាំចូលពីបរទេសនាំមកនូវហានិភ័យខ្ពស់ដល់កសិករ ជាដើម។ កញ្ញាថា “ពូជស្រូវសែនក្រអូប០១ មានទីផ្សារស្រាប់ទាំងក្នុងប្រទេស ទាំងនៅប្រទេសចិន និងអឺរ៉ុប ហើយការដាំពូជស្រូវសែនក្រអូប០១ គឺជាការលើកតម្កើងកិត្តិយសមុខមាត់ កិត្តិនាមពូជស្រូវជាតិ ជាពូជស្រូវដែលបានឈ្នះពានមាសជាអង្ករឆ្ងាញ់ដាច់គេនៅលើពិភពលោករហូតទៅដល់ ៥ ដងជាប់ៗគ្នា”។
សូមជម្រាបថា ស្ថាប័នជំនាញដែលស្ថិតក្រោមឱវាទរបស់ក្រសួងកសិកម្ម បានជោគជ័យជាបន្តបន្ទាប់ក្នុងការបង្កាត់ពូជស្រូវល្អៗជាច្រើនដែលក្នុងនោះពូជស្រូវសែនក្រអូន០១ គឺជាពូជស្រូវកំពុងឈានមុខគេទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ៕