ការចរចារប្រាក់ឈ្នួលកម្មករ តំណាងកម្មករ បន្ថយតួលេខ ពី១៤ដុល្លារ មក១០ដុល្លារ ខណៈដែលភាគីថៅកែ បន្ថែមពីចំនួន១ដុល្លារ

កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យកាត់ដេរ នាថ្ងៃទី៦ ខែកញ្ញានេះ ជាលទ្ធផលបានបង្ហាញឲ្យដឹងថា ភាគីនិយោជក បានយល់ព្រមដំឡើងបន្ថែមពីចំនួន ១ដុល្លារ ទៅចំនួន២ដុល្លារ ខណៈភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានបន្ថយតួលេខវិញ ពីចំនួន ១៤ដុល្លារ មកចំនួន ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៤ដុល្លារ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឲ្យដឹងថា ទាក់ទងកិច្ចចរចាប្រាក់ឈ្នួលនេះ ភាគីរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលឲ្យភាគីទាំងពីរកាន់តែយល់គ្នា និងខិតជិតរកគ្នា ពីព្រោះដូចបណ្តាប្រទេសដទៃទៀតដែរ អ្នកដែលដើរតួឯកក្នុងរឿងមិនមែនមានតែភាគីនិយោជក និងភាគីកម្មករនិយោជិត ហើយរដ្ឋាភិបាលនឹងខិតខំធ្វើម៉េចឲ្យមានប្រព័ន្ធ ឲ្យមានយន្តការ ហើយផ្តល់ហេតុផលស្ថិតិធ្វើម៉េចឲ្យបានសមរម្យ ដើម្បីឲ្យភាគីនីមួយៗអាចយោង និងពិភាក្សាគ្នាបាន។

លោកបន្ថែមថា ជាទូទៅរដ្ឋាភិបាលព្យាយាមសម្របសម្រួលឲ្យអស់លទ្ធភាពសិន មុននឹងសម្រេចដាក់ចេញនូវតួលេខណាមួយឲ្យប្រហាក់ប្រហែល រវាងភាគីទាំងពីរ ដើម្បីឯកភាពគ្នាជាលក្ខណៈកុងស្យុងស៊ីសក៏ល្អ ហើយបើមិនឯកភាពគ្នាទេ នោះនឹងឈានទៅដល់ការបោះឆ្នោតសម្រេចផ្លូវការ។

ដោយឡែកលោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឲ្យដឹងថា មូលហេតុដែលក្រុមសហជីពបានឯកភាពគ្នាក្នុងការបន្ថយតួលេខស្នើសុំដំឡើងប្រាក់ឈ្នួលពីចំនួន ១៤ដុល្លារ មកត្រឹម ១០ដុល្លារវិញនេះ ដោយសារតែបានគិតនូវអ្វីដែលជាចម្បងបំផុតទាក់ទងតួលេខ។ ដូច្នេះការពិភាក្សា ការជជែកគ្នាដើម្បីរកតួលេខណាមួយឲ្យឈានមកដល់គោលដៅដែលយើងចង់បាន ជាធម្មតាគឺត្រូវចាប់ផ្តើមពីតួលេខច្រើនសិន ដើម្បីដាក់ស្នើរក្នុងអង្គប្រជុំ ទើបបន្តការចរចារគ្នាថែមទៀតនាពេលប្រជុំបន្តបន្ទាប់ ដើម្បីបញ្ជាក់ថា ការដំឡើង ហើយនិងទម្លាក់គឺអាចទទួលយកបានទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ដុល្លារ កម្មករនិយោជិត នឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន , ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់រង្វាន់អតីតភាពការងារ។ ដូចនេះជាមធ្យម កម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២០ ទៅ ២៣៦ដុល្លារ ក្នុងមួយខែៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds