សែនក្រអូប០១ជាពូជស្រូវកម្ពុជានាំឆ្ពោះទៅកាន់ទីផ្សារពិភពលោក

ពូជស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា  ហៅកាត់ថា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងឆ្នាំ២០១៩។

ចំណែក នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារវាជាពូជស្រូវស្រាល មិនប្រកាន់រដូវដែលអាចដាំដុះបាន២ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចទទួលបាននូវទិន្នផលខ្ពស់។

ដោយឡែកហាងឆេងស្រូវសែនក្រអូប០១នេះ ក្រសួងកសិកម្មបានសហការជាមួយរោងម៉ាស៊ុនកិនស្រូវ និងសហព័ន្ធស្រូវអង្ករកម្ពុជា ដោយទទួលទិញពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ជាងប្រភេទស្រូវផ្សេងៗ ដែលប្រទេសជិតខាងទទួលទិញដូចជា អ៊ីអ៊ា និងOM ជាដើម។ ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានប្តេជ្ញាចិត្តលើកកម្ពស់ពូជស្រូវនេះនៅលើទីផ្សារជាតិ និងអន្តរជាតិផងដែរ។

សូមជម្រាបថា ពូជស្រូវសែនក្រអូប០១ មានអាយុកាលចាប់ពីថ្ងៃសាបព្រោះដល់ថ្ងៃប្រមូលផលពី ១១០ទៅ១១៥ថ្ងៃ និងមានកម្ពស់ដើមពី ១០៧ទៅ១១៤សង់ទីម៉ែត្រ ហើយចំនួនដើមផ្ដល់ផលពី ៥ទៅ១០ដើមក្នុងមួយគុម្ព។ ចំណែកចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១០០ទៅ១៤០គ្រាប់ និងមានប្រវែងគួរពី ២០ទៅ៣០សង់ទីម៉ែត្រ ហើយជារួមអាចផ្ដល់ផលពី ៣,៩ទៅ៤,៩តោនក្នុងមួយហិកតា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds