កម្មកររោងចក្រសេងយ៉ុងចូលរួមថវិកាជាមួយរដ្ឋាភិបាលព្រោះចង់ជួយអភិវឌ្ឍន៍ព្រំដែន
ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សេងយ៉ុង (Zheng Yong) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះស្រលាញ់ជាតិ និងចង់ជួយអភិវឌ្ឍន៍តំបន់ព្រំដែន។
លោកចំរើន តុលា កម្មកររោងចក្រសេងយ៉ុង បានបង្ហាញការសប្បាយចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលបានរៃអង្គាសជាថវិកាដើម្បីធ្វើការអភិវឌ្ឍផ្លូវតាមតំបន់ព្រំដែន។ ក្នុងនាមជាប្រជាពលរដ្ឋ មួយរួបលោក បានចូល រួមថវិកាដោយស្ម័គ្រចិត្តដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន អ៊ូរអរកាន់តែខ្លាំង។
លោកថា៖«ខ្ញុំបានចូលរួមជាថវិកាជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសាលារៀន ផ្លូវ មន្ទីរពេទ្យនៅតំបន់ព្រំដែន ដែលការចូលរួមនេះមិនមែនជាការបង្ខិតបង្ខំឱ្យចូលរួមទេ ប៉ុន្តែជាទឹកចិត្តសុទ្ធសាធរបស់ខ្ញុំជាប្រជាពលរដ្ឋទោះបីតិចក្តីច្រើនក្តីក៏ដោយ»។
ដោយឡែកអ្នកស្រីម៉ាន អៃសះ បានអោយដឹងដែរថា ៖«នាងខ្ញុំ បានបរិច្ចាគថវិកាទៅមូលនិធិកសាងផ្លូវតាមព្រំដែន ដោយការពេញចិត្ត អត់មានអ្នកណាបង្ខំទេ ព្រោះនេះជាការពេញចិត្តចូលរួមក្នុងការកសាងផ្លូវ ដើម្បីអភិវឌ្ឍន៍ប្រទេស ទោះបីលុយតិចតួច ជាទឹកចិត្តរបស់ពួកខ្ញុំ»។
លោក ពុំ ប៉ន កម្មកររោងចក្រសេងយ៉ុង (Zheng Yong) និយាយថា៖«ខ្ញុំសូមអំពាវ នាវដល់បងប្អូនទាំង អស់គ្នាជួយ ចូលរួម មូលនិធិរបស់សម្តេចហ៊ុនម៉ាណែតឱ្យបានគ្រប់គ្នាដើម្បី កសាងផ្លូវថ្នល់តាមព្រំដែន របស់យើងទាំងអស់គ្នា»។
រីឯកញ្ញាសួង ស្រីពៅ កម្មការិនីម្នាក់ទៀត បាននិយាយថា៖«ខ្ញុំគិតថាល្អ ហើយ សប្បាយចិត្តដែលរាជរដ្ឋាភិបាលបានកសាងផ្លូវតាមព្រំដែន ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋបានចូលរួម នូវមូលនិធិនេះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាឱ្យចូលរួមនូវគម្រោង សាងសង់របស់ សម្តេចយើង»។
ដូចគ្នានេះដែរ លោកស៊ុយ សុវណ្ណឌីន បានប្រាប់ថា ៖«ប្រទេសជាតិ អភិវឌ្ឍន៍ ទៅមុខ អាស្រ័យលើបងប្អូន ក៏ដូចជាខ្ញុំបានផ្ទាល់និងជនរួមជាតិទាំងអស់ចូលរួម ទើបធ្វើឱ្យប្រទេសជាតិយើងរីកចម្រើន អាស្រ័យលើមូលហេតុមួយគឺ សាមគ្គីភាព យើងការពារបូរណភាពទឹកដី យើងជាខ្មែរយើងគួរតែចូលរួមមូលនិធិនេះឱ្យបានច្រើនកុះករ ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀតឱ្យបងប្អុនទាំងអស់ចូលរួម»។
ទន្ទឹមនឹងការចូលរួមយ៉ាងផុលផុសនោះ កម្មករកម្មការិនីនៅរោងចក្រ សេងយ៉ុង (Zheng Yong) ក៏បានអំពាវនាវ ដល់ កម្មករនិយោជិត ដទៃទៀតនៅទូទាំងប្រទេសចូលរួមបរិច្ចាគជូនទៅ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានគ្រប់គ្នា ព្រោះការអភិវឌ្ឍតំបន់ព្រំដែន នឹងធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំ មានភាពអ៊ូអរ មានទេសចរមកលេង កម្សាន្តបានកាន់ តែច្រើន៕