CDC ចង់ឃើញការវិនិយោគពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប
ភ្នំពេញ៖ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចង់ឃើញការវិនិយោគពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប (EU) នៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ខណៈបេសកកម្មស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាមេរិកមកកម្ពុជានឹងចាប់ផ្ដើមក្នុងខែនេះនៅសហរដ្ឋអាមេរិក។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដូច្នេះក្នុងជំនួបជាមួយលោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៣ កញ្ញា នៅទីស្ដីការCDC នៅភ្នំពេញ។ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងក្រុមហ៊ុនអាមេរិកដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។
លោកលើកឡើងថា មានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកមួយចំនួន ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។
លោកឧបនាយករដ្ឋមន្ត្រីចង់ឃើញឱ្យបានកាន់តែច្រើនថែមទៀតនូវការវិនិយោគពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនៅកម្ពុជា។
លោកស៊ុន ចាន់ថុល ថា គម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិករបស់CDC នៅខែកញ្ញានេះមានគោលបំណងផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាមេរិកមកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី រំពឹងថា ការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកនឹងមានការកើនឡើងនាពេលអនាគត ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់រដ្ឋាភិបាល ដែលមាន CDC ជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអោយដឹងថា ក្នុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានជាង៥,៦ពាន់លានដុល្លារ កើនឡើង៦,៥ភាគរយ។ ក្នុងនោះ ការនាំចេញមានជាង៥,៥ពាន់លានដុល្លារ កើន៦,៤ភាគរយ ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានជាង១៥៤លានដុល្លារ កើន៨,៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕