សង្វៀន ផោវើរេម គុនខ្មែរ នឹងបំពេញចិត្តអ្នកគាំទ្រប្រដាល់ទូទាំងប្រទេស ខណៈថោននឹង​ស្វែង​រក​គូ​ល្អ​ៗ​មក​ប្រកួត

ក្នុង​ឱកាស​បើក​សង្វៀន​ថ្មី​ ផោវើរេមគុនខ្មែរ នាយក​គ្រប់គ្រង​ការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍​ថោន ចាត់ទុក កម្មវិធី ផោវើរេម គុនខ្មែរ នឹងបំពេញចិត្តអ្នកគាំទ្រប្រដាល់ទូទាំងប្រទេស ខណៈស្ថានីយ៍ទូរទស្សន៍​ថោននឹង​ខិត​ខំ​​ស្វែង​រក​គូ​ល្អ​ៗ​មក​ប្រកួតបំពេញ​តាម​ការ​ចង់​បាន​របស់​មហាជន។

ថ្លែងនៅក្នុងសន្និសិទកាសែត ស្តីពីការប្រកួត ផោវើរេម គុនខ្មែរ លោកហាក់ សុខហេង នាយក​គ្រប់គ្រងការផ្សាយស្ថានីយ៍ទូរទស្សន៍​ថោន បានអោយដឹងថា ការ​ប្រកួត​រៀងរាល់ថ្ងៃ​ពុធ​ ដូច្នេះ​រៀងរាល់​ថ្ងៃ​ពុធ​គឺ​អ្នក​គាំទ្រ​លែង​​អផ្សុក​ហើយ បាន​ទស្សនា​ការ​ប្រកួត​​ប្រដាល់​។ លោក​សង្ឃឹម​ថា អ្នក​គាំទ្រ​គុនខ្មែរ​ទូទាំង​ប្រទេស​​ នឹង​ធ្វើ​ការ​បន្ត​គាំទ្រ​ និង​ជឿ​ទុក​ចិត្ត​លើ​ស្ថានីយ​មួយ​​នេះ ហើយ​ឥឡូវ​នេះ​មាន​​​កម្មវិធី​ថ្មី​ដែល​មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង Powaram មក​​លូក​ដៃ​ចូល​គុន​ខ្មែរ​បន្ថែម​ទៀត​ដូច្នេះ​នឹង​ធ្វើ​មាន​កម្មវិធី​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

ដោយឡែកលោក​​មាស វុត្ថា នាយក​​ផ្នែក​ពាណិជ្ជកម្ម​ Powaram សន្យា​ថា​នឹង​​បំពេញ​​តាម​ការ​ចង់​បាន​របស់​បង​ប្អូន​អ្នក​គាំទ្រ​គុន​ខ្មែរ​​ ប្រសិន​បើ​អ្នក​គាំទ្រ​ចង់​មើល​គូ​ណា​ហើយ​គូ​នេះ​​មាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​ក្រុម​ហ៊ុន​មិន​ខ្លាច​​ក្នុង​ការ​បំពេញ​តាម​ការ​ចង់​បាន​របស់​អ្នកគាំទ្រ​គុន​ខ្មែរ​ឡើយ​។ ​

លោកថា ភេសជ្ជៈប៉ូវកម្លាំងរបស់យើងរចនាឡើងដើម្បីផ្តល់នូវថាមពលដល់អត្តពលិក និងមនុស្សគ្រប់គ្នាដែលត្រូវការអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង។ តាមរយៈការឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រដាល់ដ៏មហោឡារិកនេះ ក្នុងគោលបំណងដើម្បីបង្ហាញពីថាមពលនៃផលិតផលរបស់យើងនិងការពង្រឹងសមត្ថភាពផងដែរ។

លោកបន្តថា យើងជឿជាក់ថាភាពជាដៃគូរនេះមិនត្រឹមតែផ្តល់នូវអារម្មណ៍រំភើបចំពោះ [ផោវើរេម គុនខ្មែរ] ប៉ុណ្ណោះទេប៉ុន្តែថែមទាំងណែនាំនូវភេសជ្ជៈប៉ូវកម្លាំងរបស់យើងទៅកាន់អ្នកដែលចូលចិត្តកីឡា និងអតិថិជនគោលដៅទៀតផង។ យើងនឹងបង្កើតនូវបទពិសោធន៍ដែលបំភ្លេចមិនបាន ក្នុងការប្រារព្ធការប្រកួតដ៏ជក់ចិត្តនិងអានុភាពឆ្ពោះទៅភាពជោគជ័យ។ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម ក៏បានឈ្នះនូវមេដាយមាសកម្រិតពិភពលោក ក៏ផ្សារភ្ជាប់ជ័យលាភីនេះទៅកីឡាករគ្រប់ៗរូបដោយសង្ឃឹមយ៉ាងមុតមាំថា នាឳកាសណាមួយនាការប្រកួតពេលខាងមុខ បងប្អូនកីឡាករនឹងទទួលបានជ័យលាភីមេដាយមាសដូចភេសជ្ជៈប៉ូវកម្លាំងផោវើរេមដែរ។

ដោយឡែកលោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​​ប្រដាល់​គុន​ខ្មែរ​​ បានអោយដឹងថា ​​​ការ​​បន្ថែម​នៃ​សង្វៀន​នេះ​​គឺ​​បង្ហាញ​​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ភាព​រីក​ចម្រើន​​របស់​វិស័យ​គុន​ខ្មែរ​ទៅ​កាន់​អន្តរជាតិ​។ វិស័យ​ប្រដាល់​គុន​ខ្មែរ​ គឺ​ជា​សិល្បៈ​ក្បាច់​មួយ​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ ពាក្យ​ថា​គុនខ្មែរ​គឺ​បង្កើត​ឡើង​ដោយ​ជន​ជាតិ​ខ្មែរ​។ ​ក្បាច់​គុន​​នេះ​គឺ​មរតក​មួយ​ដ៏អស្ចារ្យ​ ដែល​គ្រប់​គ្នា​ត្រូវ​តែ​​ជួយ​គ្នា​ថែរក្សា ហើយ​ការ​ចូល​មក​កាន់​គុនខ្មែរ​​របស់​ភេសជ្ជៈ​ថ្មី​នេះ​គឺ​ជា​ការ​រួម​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ជួយ​ថែរក្សា​ក្បាច់​គុន​ខ្មែរ​​មួយ​នេះ​។ ​​

សូម​បញ្ជាក់​ថា កម្មវិធី​ផោវើរេមគុនខ្មែរ ​នឹង​ចាប់​ផ្ដើម​​ម៉ោង​៧​យប់​​ចាប់​ពី​​​ថ្ងៃ​ពុធ​ស្អែក​នេះ​​​តទៅ​​​​​នៅ​ស្ថានីយ​ទូរទស្សន៍​ថោន។

គូ​ប្រកួត​នៅ​​សប្ដាហ៍​ទី​១​នេះ​មាន​៖​

– រស្មី គុនខ្មែរ 🇰🇭 Vs 🇱🇦 KHUNDET NAKAGYM
– ឡុង ពិសិដ្ឋ 🇰🇭 Vs 🇱🇦 ANANT CHAI
– អេ អាំម៉ារីនភូថង 🇰🇭 Vs 🇵🇭 JONEL BORBON
– ឃីម ឌីម៉ា 🇰🇭 Vs 🇨🇳 DENG FANGZHEN
– ធឿន ធារ៉ា 🇰🇭 Vs 🇨🇳 ZENG DONGHUI

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds