យល់ដឹងពីគោលការណ៍នៃកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត

ភ្នំពេញ៖ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែកទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករនិយោជិតពីការទទួលបានប្រាក់ឈ្នួលទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមានៃប្រាក់ឈ្នួលដែលអាចទទួលយកបានទាំងកម្មករនិយោជិត និងនិយោជក។

នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសឱ្យស្របនឹងគោលបំណងនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា។

លក្ខណៈវិនិច្ឆ័យបែបសង្គម គឺផ្អែកទៅលើស្ថានភាពគ្រួសារ អត្រារអតិផរណា និងការចំណាយក្នុងការរស់នៅ។ ប្រាក់ឈ្នួលអប្បបរមា មិនអាចកំណត់«ខ្ពស់ពេក ឬទាបពេក»នោះទេ ព្រោះវាអាចនឹងបង្កឱ្យមានផលវិបាកដោយអចេតនា ក៏ដូចជា «មូលដ្ឋានការព្រមព្រៀងគ្នា រវាងដៃគូរសន្ទនាសង្គម និងរាជរដ្ឋាភិបាល»។

យន្តការវិនិច្ឆ័យទាំង៧រួមមានទី១៖ គឺសំដៅដល់ការធានាបាននូវកម្រិតជីវភាពសមរម្យសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរក្នុងប្រទេសកម្ពុជា ស្ថានភាពគ្រួសារបានប្រើប្រាស់ជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យផ្សេងទៀតក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។

ទី២៖ អត្រាអតិផរណា សំដៅដល់ប្រាក់ឈ្នួលអប្បបរមា បានកែសម្រួលដោយយោងតាមអត្រាអតិផរណា ក្នុងគោលបំណងធានាថា កម្រិតនៃប្រាក់ឈ្នួលអប្បបរមា អាចគ្របដណ្តប់លើការកើនឡើងនៃតម្លៃទំនិញ។

ទី៣៖ ការចំណាយក្នុងការរស់នៅ គឺសំដៅដល់ការគណនាការចំណាយនៃការរស់នៅគឺបានរួមបញ្ចូល តម្រូវការរបស់កម្មករ និងគ្រួសាររបស់ពួកគេ។

ទី៤៖ ផលិតភាព គឺជាការកែសម្រួលប្រាក់ឈ្នួលអប្បបរមា ស្របតាមកំណើននៃផលិតភាពការងារ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យកម្មករនិយោជិតអាចទទួលបាននូវចំណែកនៃផ្លែផ្កាវឌ្ឍនភាពរបស់ខ្លួន។

ចំណែកទី៥៖ ការប្រកួតប្រជែងរបស់ប្រទេស គឺភាពប្រកួតប្រជែងអាចកំណត់តាមវិធីជាច្រើន ចាប់ពីសក្តានុពលបង្កើតការងារ ការនាំចេញ អត្រាប្តូរប្រាក់ ចំណែកទីផ្សារ តម្លៃកម្លាំងពលកម្ម និងផលិតភាពជាដើម​។

ទី៦៖ ស្ថានភាពទីផ្សារការងារ​ គឺជាធាតុមួយសំខាន់ក្នុងការពិចារណាលើភាពប្រកួតប្រជែងរបស់ប្រទេស។ ស្ថានភាពទីផ្សារការងារ គឺជាការពិនិត្យលើអត្រាបម្រែបម្រួលចំនួនការងាររួមនៅក្នុងប្រទេស និងជាពិសេសអត្រាបម្រែបម្រួលចំនួនការងារ និងចំនួនរោងចក្រ សហគ្រាសក្នុងវិស័យដែលត្រូវកំណត់ប្រាក់ឈ្នួលអប្បបរមា។

និងទី៧៖ កម្រិតចំណេញរបស់វិស័យ គឺក្រៅពីលើផលិតភាពការងារ លទ្ធភាពក្នុងការទូទាត់ប្រាក់ឈ្នួលដោយនិយោជកក៏មានសារៈសំខាន់ផងដែរ។

សូមបញ្ជាក់ផងដែរថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ផ្នែកនេះត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារ អាម៉េរិកក្នុងមួយខែ នៅឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារអាម៉េរិកក្នុងមួយខែនៅឆ្នាំ២០១៥ និងត្រូវបានដំឡើងដល់ ២០០ដុល្លារអាម៉េរិកក្នុងមួយខែសម្រាប់ឆ្នាំ២០២៣ និងឡើងដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤ ព្រមទាំងបន្តរក្សាអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតនៅដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds