តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដោយប្រើចំណេះវិជ្ជា

(ពោធិ៍សាត់)៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ គឺកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដោយប្រើចំណេះវិជ្ជា។ ជាក់ស្តែងក្រុមហ៊ុនហ្វូត ជាក្រុមហ៊ុនយក្សមួយរបស់សហរដ្ឋអាមេរិក បានបើករោងចក្រដំឡើងរថយន្តនៅលើទឹកដីខេត្តពោធិ៍សាត់ ព្រមទាំងទាក់ទាញគម្រោងវិនិយោគជាច្រើន និងផ្ដល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋក្នុងខេត្ត។

នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៃដំណើរទស្សនកិច្ចដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា លោក កែវ រតនៈ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា «ឧស្សាហកម្មរថយន្តនេះ ជាឧស្សាហកម្មប្រភេទថ្មីមួយដែរ យើងទាក់ទាញមកបាន ប៉ុន្មានឆ្នាំមុន ហើយយើងបន្តទាក់ទាញផលិតខ្សែកាប អគ្គិសនី កំពុងផលិតរាល់ថ្ងៃ ហើយការទិញខ្សែភ្លើង ខ្សែកាប គឺចេញពីរោងចក្រនៅតំបន់ឧស្សាហកម្មពិសេសនេះ»

លោកថាថា ប្រភេទឧស្សាហកម្មថ្មី ដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន៖ ប្រភេទក្រុមហ៊ុនដំឡើងរថយន្ត រោងចក្រផលិតខ្សែកាបអគ្គិសនី និងរោងចក្រអេឡិចត្រូនិកជាដើម។

លោក កែវ រតនៈ បានលើកឡើងថា ដោយសារតែឃើញកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយកមន្ត្រី និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមយក្សរបស់ជប៉ុន គឺក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ដែលជាក្រុមហ៊ុនដំឡើងគ្រឿងបង្គំអេឡិចត្រូនិកដ៏ធំមួយនៅកម្ពុជា រយៈពេលប្រមាណជា ១១ឆ្នាំមកហើយ ពង្រីកទីតាំងរោងចក្រទី២ របស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ផងដែរ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា បើទោះបីជាទីតាំងខេត្តពោធិ៍សាត់ មានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែ ពោធិ៍សាត់ ជាទីតាំងប្រកបដោយការទាក់ទាញ ប្រជាពលរដ្ឋទាំងអស់បានឱបសន្តិភាពជាគោល តាមរយៈសន្តិភាពនេះហើយបានអន្ទងចិត្តក្រុមហ៊ុនវិនិយោគមកបណ្តាក់ទុននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds