លោកខូយ រីដា ៖ ខេត្តពោធិ៍សាត់អាចផលិតស្រូវបានជាង៧០ម៉ឺនតោនក្នុង១ឆ្នាំ

ក្រោមម្លប់នៃសន្តិភាព និងតាមរយៈគោលនយោបាយពង្រីកប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ខេត្តពោធិ៍សាត់ ស្ថិតនៅភាគខាងលិចនៃប្រទេស អាចផលិតស្រូវបានចំនួនជាង៧០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយតំបន់ខ្លះកសិករ អាចធ្វើស្រែបានរយៈពេល៣ដងក្នុងមួយឆ្នាំ ខណៈកាលពីពេលគ្មានប្រឡាយកសិករធ្វើស្រែបានតែម្ដងប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ថ្លែងក្នុងបទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅលើខ្នងប្រឡាយដំណាក់អំពិលថ្មីៗនេះ លោកខូយ រីដា បានថ្លែងថា កាលពីមុនគ្រាដែលមិនទាន់មានប្រឡាយដំណាក់អំពិល គឺការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋជួបការលំបាក ហើយនៅក្នុង១ឆ្នាំ អាចធ្វើស្រូវបានតែម្តងប៉ុណ្ណោះ។ ប៉ុន្តែ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រឡាយដំណាក់អំពិលនេះបានស្ថាបនារួច ដែលមានប្រវែង២១គីឡូម៉ែត្រ មានជម្រៅ៣ម៉ែត្រ បាត១៤ម៉ែត្រ ដោយភ្ជាប់ជាមួយខេត្តបាត់ដំបង។ ប្រឡាយនេះបានជួយស្រោចស្រពស្រែ ចម្ការប្រជាកសិករជាច្រើនឃុំ នៅស្រុកបាកាន។

លោកថា «បើនិយាយជារួមពីមុននៅកន្លែងនេះអត់មានប្រឡាយសម្រាប់អន្តរាគមន៍ទឹក ឱ្យកសិកររបស់យើងបង្កបង្កើនផលបានច្រើនដងដូចពេលបច្ចុប្បន្នទេ ហើយពីមុនមកប្រជាជននៅទីនេះបង្កបង្កើនផលតាមលក្ខណៈប្រពៃណី តែបច្ចុប្បន្ននេះ គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល បានចេញមកជាបន្តបន្ទាប់ជាពិសេសផ្លូវទឹក និងបច្ចេកទេសកសិកម្ម។ ពីមុនការបង្កើតបង្កើនផល១ហិកតា បាន១.៥ ទៅ២តោន ហើយកន្លែងណា៣តោន គឺល្បីជាងគេ ប៉ុន្តែ អីឡូវនេះ គិតជាមធ្យម គឺបាន ៤៥.តោន ទៅ៨តោន ក្នុង១ហិកតា ហើយកសិករនៅជិតប្រព័ន្ធធារាសាស្ត្រអាចបង្កបង្កើនផលស្រូវបាន៣ដង ក្នុង១ឆ្នាំ»

លោកបន្តថា យ៉ាងណាក៏នៅតំបន់មួយចំនួនក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ពុំទាន់ទទួលបានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់នៅឡើយទេ តែនៅពេលខាងមុខបន្ទាប់ពីសាងសង់ទំនប់ស្ទឹងពោធិ៍សាត់២ រួចរាល់នឹងអាចពង្រីកផ្ទៃដីបង្កបង្កើនផលរាប់ម៉ឺនហិកតា សម្រាប់វិស័យកសិកម្មបន្តទៀត។ លោកថា «ដោកឡែយគ្រាន់ប្រតែប្រឡាយដំណាក់អំពិលនៅរដូវវស្សា គឺអាចអន្តរាគមន៍ជួយស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ បានប្រមាណ ២ម៉ឺន ៧ពាន់ហិកតា ខណៈនៅរដូវប្រាំង អាចអន្តរាគមន៍ជួយសង្គ្រោះស្រូវបានប្រមាណ ១ម៉ឺន ៥ពាន់ហិកតា»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds