រាល់ចុងសប្ដាហ៍ ពីខែកញ្ញា-ធ្នូ រដ្ឋនឹងដឹកពលរដ្ឋ ផ្ដល់អាហារឥតគិតថ្លៃ ទៅមើលខេត្តនៃគម្រោង CLV
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា នឹងរៀបចំដំណើរកម្សាន្តមួយជូនពលរដ្ឋ ដោយមិនឱ្យចំណាយថវិកាលើការធ្វើដំណើរ ស្នាក់នៅ ហូបចុកសូម្បីមួយកាក់មួយសេនឡើយ ដើម្បីឱ្យពលរដ្ឋទៅមើលពីការពិត ការអភិវឌ្ឍ ភាពរីកចម្រើននៅក្នុងខេត្តទាំង៤ នៅភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងដើម្បីដឹងថាអាចទេដែលកម្ពុជាបាត់ដីទៅថ្ងៃអនាគត។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី “ សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធីបតីថ្លែងថា ៖« ខ្ញុំបានណែនាំឱ្យរៀបចំនូវកម្មវិធី ២បន្ថែមទៀត កម្មវិធីទី១គឺដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្ដាហ៍ដោយចាប់ផ្ដើមអនុវត្តពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនបានទៅដល់ខេត្តនឹងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាម ព្រំដែនការអភិវឌ្ឍព្រំដែនរបស់យើង ក៏ដូចជាការវិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តនោះ។ កន្លងទៅខ្ញុំធ្លាប់បានអំពាវនាវបងប្អូនក្ដីយកច្រើនពេលខ្លះបងប្អូនថាចង់ទៅដែរតែអត់លុយ ឥឡូវ រាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីនេះដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារដោយមិនគិតថ្លៃ»។
សម្ដេចនាយករដ្ឋមន្ត្រី ភារកិច្ចនៃការរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ ដោយចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់កម្ពុជា ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ សម្ដេចក៏បានបញ្ជាឱ្យលោក នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្តផងដែរ៕