លោក ឌិត ទីណា ៖ វត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សាស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាសប្រមាញ់ និងនេសាទ អះអាងថា «វត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សា ស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង ដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងអង្គការដៃគូ»។ នេះបើយោងតាមរយៈទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកនាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤។
ជ្រូកទឹកសមុទ្រវាមានទំហំធំប្រហាក់ប្រហែលនឹងផ្សោតដែរ ប៉ុន្តែវាធាត់ជាងហើយមានភ្លុក២ដូចដំរី ដែលដុះចេញពីអញ្ចាញធ្មេញ និងមានព្រុយចំហៀងធំរាងដូចច្រវាទូក។ វាមានស្បែករលោងពណ៌ត្នោត ឬប្រផេះក្រម៉ៅ និងដុះរោមមួយ។ រន្ធច្រមុះស្ថិតនៅទីតាំងចុងច្រមុះ ហើយមានសន្ទះគ្របសម្រាប់បិទនៅពេលវាមុជទៅក្នុងទឹក។ ប្រវែងទើបកើត ១-១,៥ម ពេញវ័យ ៣,៣-៤,១ម និងទម្ងន់ ទើបកើត ២៥-៣៥គ.ក ពេញវ័យ ១០០០ គ.ក ។
ជ្រូកទឹកសមុទ្រជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះលើពិភពលោក ប្រភេទនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ ១ របស់អនុសញ្ញា សាយតេស។ ជ្រូកទឹកសមុទ្រជាសត្វដ៏កម្រ ត្រូវបានក្រុមអ្នកអភិរក្សឃើញវត្តមានបណ្តែតខ្លួនមកលើផ្ទៃទឹកនៅសមុទ្រកម្ពុជាជាញឹកញាប់៕