ទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»
(ភ្នំពេញ)៖ ថ្លែងក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានដឹងពីភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដែលកំពុងតែផុលផុសខ្លាំង ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែមានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ គាំទ្រការសំអាតបរិស្ថាននោះទេ សូម្បីបរទេសក៏ចូលរួមគាំទ្រដូចគ្នាដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រោមឃើញមានការប្រមូលសំរាមបានយ៉ាងល្អរបស់ក្រុមហ៊ុនប្រមូលសំរាម និងបានទាន់ពេលវេលាផងនោះ មកដល់ពេលនេះ ក្រសួងបរិស្ថានក៏កំពុងតែបានជំរុញបន្ថែមលើការបន្តលើយុទ្ធនាការថ្មីមួយទៀត គឺការញែកសំរាម ដោយមានការរៀបចំមិនឱ្យមានការដាក់ថង់ផ្លាស្ទិក ជាមួយនឹងសំរាមទៀតនោះទេ ដោយថង់ផ្លាស្ទិកត្រូវដាក់ដាច់ដោយឡែក ដើម្បីយកទៅកែរច្នៃប្រើប្រាស់ឡើងវិញ និងសំរាមទូទៅនឹងយកទៅកែរច្នៃជាជី ដើម្បីប្រើប្រាស់ ហើយតាមរយៈការរៀបចំញែកសំរាមនេះ និងរួមចំណែកកាត់បន្ថយសំរាម។
លោក អ៊ាង សុផល្លែត បានបង្ហាញក្តីរំពឹងថា នៅចុងឆ្នាំ២០២៥ខាងមុខនេះ នឹងអាចមានប្រជាពលរដ្ឋប្រមាណ ៨០% ចូលរួមប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ផ្លាស្ទិក ហើយតាមរយៈការប្តេជ្ញាចិត្តនេះលោកនឹងជំរុញឱ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់តែម្តង និងរួមគ្នាចូលរួមសំអាតបរិស្ថាននៅជុំវិញខ្លួនឯងតែម្តង។
លោក Park Jung-Wook បានឱ្យដឹងដែរថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូដ៏រឹងមាំរបស់កម្ពុជា។ យើងមានគម្រោងរួមជាច្រើនដែលចូលរួមចំណែកក្នុង «យុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន» និង «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» របស់រដ្ឋាភិបាលកម្ពុជា។ នៅខែមិថុនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាលកូរ៉េ ដើម្បីរួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈនេះវានឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង។
ជាក់ស្តែង KOICA បានផ្តួចផ្តើមគម្រោងផ្សេងៗ ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថានរយៈពេលវែងនៅកម្ពុជា។ នៅឆ្នាំ២០២៤ យើងកំពុងអនុវត្តគម្រោង និងសកម្មភាពរួមចំនួន១១គម្រោង ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីការពារបរិស្ថាន និងប្រជាជនដែលងាយរងគ្រោះដោយសារអាកាសធាតុ។ វិធីសាស្រ្តសំខាន់របស់ KOICA គឺពង្រឹងប្រជាជន និងកសាងសមត្ថភាពរបស់ពួកគាត់ ដូចជាឧទាហរណ៍ ដ៏ល្អមួយដែល KOICA បានបង្កើតនាយកដ្ឋានវិស្វកម្មបរិស្ថាន (EED) នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជំរុញអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ វិស្វករ អ្នកអប់រំ និងមន្ត្រីសាធារណៈជំនាន់ថ្មី ដែលជំនាញផ្នែកគ្រប់គ្រងទឹក ខ្យល់ និងអាកាសធាតុ ដី និងប្រព័ន្ធអេកូឡូស៊ី ថាមពល និងធនធាន។
សូមបញ្ជាក់ដែរថា ដើម្បីលើកទឹកចិត្តដល់ការចូលរួមជាសាធារណៈបន្ថែមទៀត ក្រសួងបរិស្ថាន និង KOICA Cambodia បានចាប់ផ្តើមការប្រកួតប្រជែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន Facebook និង Instagram ដោយបានអញ្ជើញប្រជាពលរដ្ឋកម្ពុជាចូលរួមសកម្មភាពបរិស្ថាន 3R (កាត់បន្ថយ កែច្នៃ ប្រើឡើងវិញ)។ ការប្រកួតប្រជែងលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ បាននឹងកំពុងប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យមានការចូលរួមយ៉ាងទូលំទូលាយនៅក្នុងចលនាឆ្ពោះទៅរកប្រទេសកម្ពុជាដែលកាន់តែស្អាត។
អ្នកស្ម័គ្រចិត្តកូរ៉េចំនួន២០នាក់ ដែលមានជំនាញក្នុងវិស័យបរិស្ថាន នឹងចាប់ផ្តើមសកម្មភាពរបស់ពួកគេ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ តាមរយៈការជួយសិស្សបឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យឱ្យយល់ពីសារៈសំខាន់នៃបរិស្ថាន ហើយចូលរួមសកម្មភាពសប្បាយៗ និងច្នៃប្រឌិតក្នុងការការពារបរិស្ថានក្នុងជីវិតប្រចាំថ្ងៃផងដែរ៕