ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិតពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប

ភ្នំពេញ៖ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំង មានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺ របបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។
អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុង បានអោយដឹងថា ការទទួលបានប្រាក់ឈ្នួលច្រើនជាងមុន អាចជួយសម្រាល បន្ទុកក្នុងការចំណាយប្រចាំថ្ងៃ ក្នុងគ្រួសារ លុយផ្តល់ឱ្យកូនសិក្សា និងផ្គត់ផ្គង់ឪពុកម្តាយដែលមានវ័យចាស់។ កម្មការិនីរូបនេះ បានបង្ហាញការសប្បាយចិត្តក្នុងការធ្វើការងារបន្ថែមម៉ោង ដើម្បីទទួលបានប្រាក់កម្រៃកាន់តែច្រើន។
អ្នកស្រីថា «សប្បាយបងអើយសប្បាយ បើសិនជាយើងអត់ការងារធ្វើប្រាក់កម្រៃវាមានតិច ដល់ពេលចឹងយើងមិនអាចផ្គត់ផ្គង់ទៅរួចទេ តែបើសិនយើងមានការងា យើងអាចថែមម៉ោង វាបានប្រាក់កម្រៃសមរម្យដែរ អ៊ីចឹងយើងអាចទប់ទល់ការចំណាយឈ្នះ»។
ក្រៅពីបានតម្លើងប្រាក់ខែជូនកម្មករនិយោជិត រាជរដ្ឋាភិបាលក៏បានផ្តល់ភាពកក់ក្តៅបន្ថែមទៀត តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលសំខាន់បំផុតគឺ ការឧបត្ថម្ភស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូន និងការឧបត្ថម្ភក្រោយពេលសម្រាល។ អ្នកស្រីថា «ពេលយើងមានផ្ទៃពោះ យើងទៅពីនិត្យផ្ទៃពោះហ្នឹងក៏គេឱ្យប្រាក់ឧបត្ថម្ភយើងដែរ ដល់ពេលយើងសម្រាល សេវាសម្រាលក៏គេចេញឱ្យយើង ថ្នាំពេទ្យគេចេញឱ្យយើង ហើយយើងបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទៀត ពេលយើងចេញពីពេទ្យ យើងរត់ឯកសារអីហើយ គឺយើងបាន៨០ម៉ឺន និងលុយ៧៥%ទៀត ហើយពេលយើងសម្រាលហើយពេលកូនយើងទៅពេទ្យចាក់ថ្នាំបង្កាផ្សេងៗ គឺបានទៀតម្តង៨ម៉ឺនទៀត»។
អ្នកស្រីថា «សប្បាយចិត្តណាស់បង ព្រោះបើសិនជាយើងអត់បានលុយរាជរដ្ឋាភិបាលផ្តល់ឱ្យ យើងក៏ចំណាយច្រើនណាស់ ដល់ពេលមានលុយរាជរដ្ឋាភិបាលឱ្យយើងទៅហើយ យើងបានចំណូលមកវិញទៀត យើងអត់ចំណាយ ហើយយើងបានចំណូលមកវិញ»។
ដោយឡែកអ្នកស្រី ផន ស្រីនិច កម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រ សេងយ៉ុង បានអោយដឹងនិយាយថា បច្ចុប្បន្នមិនមានការពិបាកក្នុងការស្វែងរកការងារធ្វើនោះ ហើយនៅកន្លែងធ្វើការក៏បានអនុវត្តលក្ខខណ្ឌការងារល្អប្រើសើរជាងមុនធ្វើឱ្យអ្នកស្រីមានភាពកក់ក្តៅក្នុងការបំពេញការងារ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់មិនឱ្យថ្លៃផ្ទះជួលឡើងស្រេចតែចិត្ត ព្រមទាំងមានការតបណ្តាញទឹកភ្លើងរដ្ឋជូនកម្មករផង ធ្វើឱ្យការចំណាយកាន់តែតិចជាងមុន។
អ្នកស្រីបន្ត « កាលមុនមានការខ្វះខាតច្រើន ណាមួយគិតដល់ថ្លៃផ្ទះជួលច្រើន ទឹកភ្លើង ហូបចុក ហើយចំណាយចំណូលគ្រួសារមួយខែៗ មិនដឹងសល់ប៉ុន្មានអីប៉ុន្មានគិតច្រើន វាចំណាយច្រើនជាងឥឡូវ តែឥឡូវចំណាយរាងតិច ថ្លៃផ្ទះជួលក៏អត់សូវថ្លៃ ថ្លៃទឹកថ្លៃភ្លើងអីក៏រាងចុះ ម្លោះហើយ យើងចំណាយតិច ចំណូលរាងបានច្រើនដែរ»
ចំណែកកម្មការិនី ចាន់ ណន ធ្វើការនៅរោងចក្រ សេងយ៉ុង ដែរនោះបានអោយដឹងដែរថា ប្រាក់ឧបត្ថម្ភផ្សេងៗដូចជា ថ្លៃម្ហូបអាហារ ថ្លៃធ្វើដំណើរ និងប្រាក់ធ្វើការងារទៀងទាត់ នៅតែបន្តទទួលបាន និងថែមទាំងមានភាពងាយស្រួលចំពោះលក្ខខណ្ឌការងារ ដែលមិនមានភាពស្មុគស្មាញ និងផ្តល់សិទ្ធិសេរីភាពពេញលេញ។អ្នកស្រីថា « លុយអត្ថប្រយោជន៍ច្រើនដែរ លុយបាយ លុយធ្វើដំណើរ ហើយលុយបាយ ថែមម៉ោង។ បើយើងធ្វើការត្រឹមតែ ៨ម៉ោងទៅយើងបាន ១០៥០រៀល ហើយមានលុយដំណើរ លុយស្នាក់នៅ ហើយនិងលុយ៥%»
ជាមួយគ្នានេះដែរ កម្មការិនី សេង ចរិយា អាយុ ធ្វើការនៅរោងចក្រ សេងយ៉ុង បាននិយាយថា ក្នុងការបំពេញការងារប្រចាំថ្ងៃមានភាពងាយស្រួ ល មិនមានការដាក់សម្ពាធ បៀតបៀនណាមួយឡើយ។ អ្នកស្រី សេង ចរិយា«លក្ខខណ្ឌការងារ ល្អ អត់មានគាបសង្កត់យើងទេ សិទ្ធិសេរីភាពងាយស្រួល នៅក្នុងរោងចក្រនេះអត់មានការរឹតបន្តឹងសិទ្ធិសេរីភាពទេ»
អ្នកស្រី ឆេង ស្រីពេជ្រ ធ្វើការក្នុងរោងចក្រ សេងយ៉ុង បានអោយដឹងថា អ្នកស្រី បានទទួលបានអត្ថប្រយោជន៍ពី ប.ស.ស ទាំងការថែទាំងសុខភាព មានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការ ពេលមានគ្រោះថ្នាក់ការងារ គឺរដ្ឋជាអ្នកទទួលខុសត្រូវ ពោលគឺបើមានពិការភាព រដ្ឋជាអ្នកចិញ្ចឹម បើស្លាប់រដ្ឋជាអ្នកសង។ អ្នកស្រី ពេជ្របន្តថា៖ «អត់សូវអស់លុយចំណាយលើថ្លៃពេទ្យទេ ព្រោះយើងប្រើប.ស.ស បានប្រើ ប.ស.ស ទៅវាអត់សូវអស់លុយ អ៊ីចឹងប្រាក់ខែ សល់បន្តិចដែរ។ អត់សូវខ្វល់ដោយសារមាន ប.ស.ស ជួយ ព្រោះយើងអត់សូវចំណាយលើកូន ឬក៏ពេទ្យទេ»៕

May be an image of 5 peopleMay be an image of 6 people and textMay be an image of 5 people, clothes iron and hospital

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds