សមាគមសិល្បករខ្មែរ និងក្រសួងការងារ ចុះMOU លើការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម

(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ និងក្រសួងការងារ បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង។

ពិធីចុះអនុស្សរណៈ ដើម្បីជាសក្ខីភាព​បញ្ជាក់​​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត ពី​​ការ​យក​ចិត្ត​ទុកដាក់របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពិសេស​ពីសំណាក់​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផ្ទាល់ លើការ​ពង្រឹង ពង្រីក និង​លើក​កម្ពស់​​វិស័យ​ការងារនៅ​កម្ពុជា តាម​រយៈ​ការ​យក​ចិត្ត​ទុកដាក់ប្រកប​ដោយ​សូចនាករ​កម្រិត​យុទ្ធសាស្ត្រ​​ក្នុង​ការ​បណ្តុះ​បណ្តាល និង​​គាំពារ​ធន​ធាន​មនុស្ស​លើ​គ្រប់មុខ​ជំនាញ​​វិជ្ជាជីវៈ ដែល​ដើរតួនាទីជា​ផលិតករ​ដ៏​មាន​សក្តានុពលក្នុង​​ចរន្ត​សេដ្ឋ​កិច្ច​ជាតិ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងឲ្យដឹងថា ក្នុងនាមជាប្រធានសមាគម ពិត​ជា​​មានមោទកភាព​​ក្រៃ​លែង ដែល​​មាន​ឱកាស​​ដឹក​នាំ​ចលនា​សិល្បៈ​ចូល​រួម​ជា​សេនាធិការ​របស់​រាជរដ្ឋា​ភិបាល ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្សព្វ​ផ្សាយ និង​លើក​កម្ពស់​វិស័យ​ការងារ សន្តិ​សុខ​សង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈនា​ពេល​នេះ និង​បន្តទៅ​មុខ​ទៀត។

តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយដ៏​ច្បាស់​លាស់​របស់​រាជ​រដ្ឋា​ភិបាលកម្ពុជា អម​ដោយ​ការ​ចុះ​អនុវត្តន៍​ជាក់​ស្តែងរបស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ពិត​ជា​បានបង្ហាញឱ្យឃើញយ៉ាង​ប្រក្យត្ស​ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅ​អាណត្តិទី៧នេះ សម្រេច​ឱ្យ​បាន​​ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដើម្បីពង្រឹងជំនាញបច្ចេកទេស វិជ្ជាជីវៈ និងបង្កើនផលិតភាពការងារឱ្យមានភាពបត់បែនខ្ពស់ ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សាររួមទាំងការបង្កើន ការគ្របដណ្តប់របបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកបេឡាសន្តិសុខសង្គម​។ ផែនការ​យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ ក៏នឹងធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពនៃការប្រមូលផ្តុំសិទ្ធិរបស់កម្មករនិយោជិត និងធានាសុខុមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនៈ​វិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ ។

លោកជំទាវអ្នកឧកញ៉ាបានគូសបញ្ជាក់ថា «ឆ្លៀត​ក្នុងឱកាស​នេះ​ ខ្ញុំ​សូម​សម្តែង​នូវ​ការ​​គាំទ្រ​ពេញ​ទំហឹង ចំពោះការបង្កើតឱ្យ​មាន​ទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែងសហគ្រាសមួយជា​សហគមន៍សុខសាន្តមួយ​ជា​ដើម​។ ឈរ​លើ​​​គោលនយោបាយ​ដ៏​ប្រាកដនិយម ​សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ​ក៏​បាន​ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥០០,០០០នាក់ ជាមួយ​នឹងការផ្តល់ប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករ និយោជិតមានឱកាសសិក្សាបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីៗបន្ថែម​ទៀត​ ធ្វើ​យ៉ាង​ណា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កម្លាំង​ពលកម្ម​​ជំនាញ​កាន់តែ​មានការ​កើន​ឡើងខ្ពស់ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និងដើម្បី​​ជាកម្លាំង​ស្រូប​​​​ទាញ​វិនិយោគិនបរទេស​ ​​មក​កាន់​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើនឡើង​បន្ថែម​ទៀត​»។

លោកជំទាវអ្នកឧកញ៉ា បន្តថា ជាការពិត សិល្បៈ​ គឺជាកាតាលីករជំរុញ​ការ​​​ផ្សព្វ​ផ្សាយឱ្យ​កាន់តែ​មាន​ភាព​ជឿ​ជាក់ ​ងាយ​យល់ និង​ស្តាប់​បាន​។ សិល្បៈ គឺជា​អាវុធដ៏​មុត​ស្រួច អាច​ចាក់​ទម្លុះ​ដល់​ក្រអៅ​បេះ​ដូង​អ្នក​ស្តាប់ និង​អ្នក​ទស្សនា ទោះ​ស្ថិត​នៅ​ក្នុង​​ទម្រង់និន្នាការ​ណា​ក៏​ដោយ​។ ក្នុង​ន័យ​នេះ សិល្បករ​-សិល្បការិនី ពិត​ជាបុគ្គល​ដ៏​មាន​ឥទ្ធិពល​ រួម​ចំណែក​ដល់​ការ​ផ្សព្វផ្សាយឱ្យ​​កាន់តែ​ទូលំ​ទូលាយ ពីគោល​នយោបាយរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា។ ដូច្នេះការចុះអនុស្សរណៈយោគ​យល់​គ្នា រវាង ​​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សមាគមសិល្បករខ្មែរនា​ពេល​នេះ ​ជាការ​បោះ​ជំហ៊ានរួម​គ្នា​ក្នុងស្មារតីតែ​មួយ គឺ​ផល​ប្រយោជន៍​​វិស័យ​ការងារ​នៅ​កម្ពុជា។

ដោយឡែកលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា តាមនាមឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ ដែលបានជំនឿទុកចិត្ត រហូតឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ដើម្បីជួយផ្សព្វផ្សាយនូវអ្វីដែលជាសកម្មភាពរបស់ក្រសួង ពាក់ព័ន្ធលើកការកម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង សិល្បករ-សិល្បការិនី និងកូនចៅរបស់សិល្បករ-សិល្បការិនីផងដែរ។

លោកថា តាមការពិតទៅកន្លងមក លោកពិតជាចង់យកឱកាសនេះ ដើម្បីបានជួបជាមួយសិល្បករ-សិល្បការិនី ជាពិសេសរៀមច្បងអ្នកសិល្បៈដែលបានចូលរួមក្នុងវិស័យនេះ ហើយតាំងនាមរូបលោកផ្ទាល់តាំងពីតូចមក តែងតែបានរំសាយអារម្មណ៍ បានដក់ជាប់នូវអារម្មណ៍ ចាក់ទម្លុះបេះដូង ចេញពីការសម្ដែង និងការបង្ហាញរបស់សិល្បករ-សិល្បការិនីរបស់យើង ហើយធ្វើឲ្យលោកចងចាំ។ ទោះបីនោះជាការសម្ដែង ប៉ុន្តែបានបង្កប់នូវពាក្យពេចន៍មានតម្លៃ ពាក្យពេចន៍អប់រំដែលយើងអាចយកទៅផ្សព្វផ្សាយបាន។

លោករដ្ឋមន្ត្រីក៏បានជម្រុញឲ្យសិល្បករ-សិល្បការិនី ជាពិសេសសិល្បករ-សិល្បការិនីចាស់ៗធ្វើបណ្ណបេឡាជាតិរបបសន្តិសុខសង្គមឲ្យបានគ្រប់ៗគ្នា ហើយក្រសួងនឹងធ្វើការសម្របសម្រួលជូន ដើម្បីបានទទួលនូវសេវាកម្មព្យាបាល និងការថែទាំនៅតាមមន្ទីរពេទ្យនានាដោយភាពកក់ក្ដៅ ខណៈដែលសិល្បករ-សិល្បការិនីវ័យជរា ត្រូវទទួលបានការយកចិត្តទុក្ខដាក់ ដើម្បីជាការតបស្នង និងដល់វ័យមួយដែលត្រូវមើលថែផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds