រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់កម្ពុជា ប្រកាសបើកជាផ្លូវការ
រោងចក្រដំឡើងរថយន្តអគ្គិសនីលើកដំបូង របស់ប្រទេសកម្ពុជា បានបើកជាផ្លូវការនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតនៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខណៈរោងចក្រនេះមានសមត្ថភាពផលិតរថយន្តចំនួន ៣០០០ គ្រឿងសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។
ថ្លែងក្នុងពិធីបើកលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ បានអោយដឹងថា រោងចក្រនេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា ដែលមានសមត្ថភាពផលិតរថយន្តចំនួន ៣០០០ គ្រឿងសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។ រោងចក្រដំឡើងរថយន្តអគ្គិសនីបន្ថែមទៀតនឹងចាប់ផ្តើមដំណើរការនៅកម្ពុជានាពេលអនាគត។
លោកកែវ រតនៈ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Zo Moters ដែលបានជ្រើសរើសប្រទេសកម្ពុជាជាការវិនិយោគដំបូងគេនៅក្នុងតំបន់អាស៊ាន និងខេត្តពោធិ៍សាត់ ជាទីតាំងសម្រាប់ដំឡើងរថយន្តអគ្គិសនី។
ជាមួយគ្នានេះដែរ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវខិតខំថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេច ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
រោងចក្រដំឡើងរថយន្តអគ្គិសនី គឺជាការវិនិយោគដោយក្រុមហ៊ុន ZO MOTORS CAMBODIA មកពីប្រទេសជប៉ុន និងកំពុងពង្រីកសាខារបស់ខ្លួនទៅកាន់ជុំវិញពិភពលោក ដោយពឹងផ្អែកលើបច្ចេកវិទ្យាទំនើប សមត្ថភាពស្រាវជ្រាវខ្ពស់ និងខ្សែរសង្វាក់ផ្គត់ផ្គង់លំដាប់ពិភពលោកដែលពួកយើងមាន ក្នុងទស្សនវិស័យដើម្បីក្លាយជាក្រុមហ៊ុនរថយន្តប្រើប្រាស់អគ្គិសនីសម្រាប់អាជីវកម្មដែលឈានមុខគេលើពិភពលោក៕