កសិករម្នាក់នៅឃុំអូសោម សម្រេចដាំខ្ញីតាមបច្ចេកទេសសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក

ពោធិ៍សាត់៖ កសិករម្នាក់នៅឃុំអូសោម សម្រេចដាំខ្ញីតាមបច្ចេកទេសសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក ខណៈម្ចាស់​កសិ​ដ្ឌា​ន គ្រោងនឹងពង្រឹកផ្ទៃដីសម្រាប់ដាំដុះ បន្ទាប់ពីការដាំសាកល្បងដំណាក់កាលទី១​។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនៈកិច្ចនៅឃុំអូសោម កាលពីពេលថ្មីៗ លោក ហ៊ុល សុធា ជាម្ចាស់កសិដ្ឋានខ្ញីអូសោម បានអោយដឹងថា មូលហេតុដែលលោកជ្រើសរើសទីតាំងអូរសោម ដើម្បីដាំខ្ញីដោយសារនៅទីនេះ អាកាសធាតុអំណោយផលលើការដាំដុះប្រភេទដំណាំមើម។ លោកថា សម្រាប់ការដាំខ្ញីតាមលក្ខណៈបច្ចេកទេស ដំណាក់កាលទី១ នៅ​លើ​ផ្ទៃដី១៣ហិកតា និងដំណាក់ទី២ លោកនឹងពង្រីកនៅលើផ្ទៃដី១០០ហិកតា ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអា​មេ​រិក។

លោកបន្ថែមថា បច្ចេកទេសនៃការដាំខ្ញីពិបាកបន្តិច ព្រោះយើងធ្វើមិនដូចទម្លាប់កសិករធ្វើទេ យើងធ្វើទៅតាមបច្ចេកទេស ពិនិត្យទាំងដី គ្រប់គ្រងទឹក គ្រប់គ្រងដី គ្រប់គ្រងទាំងអាកាសធាតុទៀត ប្រឆាំងទាំងអស់យើងធ្វើវា សូម្បីតែសំណើមក្នុងដីពិនិត្យវាដែរ តាមដានដូចកូនក្មេង​ចឹង​។

លោកបន្តថា នៅក្នុង១ហិកតា សម្រាប់ទិន្នផលខ្ញី ១ហិកតា អាចប្រមូលផលបាន ៧៥-១២០តោន រយៈពេលពី៦ខែទៅ ៨ខែអាស្រ័យទៅលើការថែទាំ។ លោកថា៖ «សម្រាប់ពូជខ្ញីនេះ គឺលោកបានដើរស្រាវជ្រាវនៅតាមបណ្តាប្រទេសមួយចំនួន ហើយចុងក្រោយលោកបានរកឃើញពូជខ្ញីនេះពីប្រទេសចិន ដែលធន់ជាមួយនឹងអាកាសធាតុនៅកម្ពុជា ជាពិសេសស្ថានភាពអាកាសធាតុនៅតំបន់អូរសោម នៅក្នុងដំណាក់កាលដំបូងនេះលោកដាំលើផ្ទៃដី១៣ហិកតា សម្រាប់ធ្វើជាពូជ ហើយដំណាក់កាលទី២ លោកគ្រោងពង្រីកលើផ្ទៃដី១០០ហិកតា ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក»

សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន៣៧ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open