ច្បាស់ការណ៍ នៅ សុនិតា អះអាងរៀបការរួចរាល់ និងកំពុងមានកូនដំបូងជាមួយលោក ទិត្យ ថាវរិទ្ធ
បន្ទាប់ពីចចាមអារ៉ាម ពីទំនាក់ទំនងជាមួយអគ្គនាយករងទូរទស្សន៍បាយ័នលោក ទិត្យ ថាវរិទ្ធ អស់មួយរយៈធំមក ឥឡូវនេះ នៅ សុនិតា បានទម្លាយឲ្យដឹងថា នាងបានរៀបការជាមួយគ្នារួចរាល់ហើយ ថែមទាំងបាន និងកំពុងមានតំណក់ឈាមជាមួយគ្នាទៀតផង។
សុនិតា បានបញ្ចេញដំណឹងនេះ ឲ្យមហាជនបានដឹងនៅរសៀលម្សិលមិញ។ តារាស្រី បានសរសេររៀបរាប់បង្ហាញពីភាពសប្បាយរីករាយ ដែលបានឈានដល់ដំណាក់កាលធ្វើជាម្ដាយរបស់គេ និងបានបង្ហើបទៀតថា គភ៌ក្នុងផ្ទៃនាង បានឈានដល់ ៤ខែ និង៨ថ្ងៃហើយ កូនទី១របស់នាង និងលោក ថាវរិទ្ធ គឺជាកូនប្រុស។
តបនឹងមកកាន់ Sabay តាមសារអេឡិចត្រូននិក បានទទួលស្គាល់លើបញ្ហានេះ និងប្រាប់ទៀតថា នាងក៏ទើបនឹងប្រាប់ដំណឹងនេះទៅឪពុកកូនក្នុងផ្ទៃ(លោក ទិត្យ ថាវរិទ្ធ)របស់នាងដែរ។ “ប្រាប់ហើយបង និយាយទៅគាត់សប្បាយចិត្ត ញញឹមញញែមអីចឹងទៅ តែបើឲ្យគាត់ដល់ថ្នាក់លោតកញ្ឆេងអី គឺអត់ទេ ព្រោះគាត់ចាស់ទុំហើយ។ សុនិតា ថ្លែង។
នៅ សុនិតា និងលោក ទិត្យ ថាវរិទ្ធ បានសាយភាយដំណឹងស្នេហ៍តាំងពីពាក់កណ្ដាលឆ្នាំ ២០១៨។ ប៉ុន្តែភាគីទាំងសងខាង នៅរក្សាភាពស្ងប់ស្ងាត់ ដោយមិនចេញមុខមកបភ្លឺអ្វីឡើយ។ ប៉ុន្តែឈានមកដល់ ដើមឆ្នាំ ២០១៩ ដំណឹងនោះ ភាគីខាងស្រី ចាប់ផ្ដើមបើកចំហបន្តិចម្ដងៗ ដោយគេបានប្រទះឃើញរូបភាពលោក ថាវរិទ្ធ តាំងនៅផ្ទះរបស់នាង និងមានធ្លាយរូបពួកគេទាំងពីរដើរកម្សាន្តជាមួយគ្នាផង ដែលធ្វើឲ្យមន្ទិលស្នេហ៍ ដែលធ្លាយពីអតីតកាល កាន់តែមានភាគរយការពិតខ្ពស់។
រហូតមកដល់ថ្ងៃនេះ សុនិតា បានបញ្ចេញការពិត១០០% តែម្ដងថា នាង និងលោកអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺពិតជាមានទំនាក់ទំនង ព្រមទាំងបាន និងកំពុងមានកូនដំបូងជាមួយគ្នាផង។ នេះ គឺជាលើកទី១ ដែលតារាស្រី បានចេញមុខមកបំភ្លឺជុំវិញរឿងដែលកើតឡើងរវាងពួកគេទាំងពីរ ខណៈច្រើនខែកន្លងមក ទាំងសងខាង បានរក្សាភាពស្ងប់ស្ងាត់រហូតមក។
បែបនេះក្ដី ត្បិតថា មិនបានចេញមកទទួលស្គាល់ការពិត បើទោះសារព័ត៌មានមួយចំនួនបានរាយការណ៍ថា នាង និងលោកអគ្គនាយករង រស់នៅក្នុងផ្ទះជាមួយគ្នាក្ដី។ តែ សុនិតា ប្រាប់ថា កន្លងមកនាង មិនបានធ្វើអ្វីខុសនឹងប្រពៃណីនោះទេ ព្រោះថា ពួកនាង បានរៀបការនឹងគ្នារួចហើយ។ “ចាស ខ្ញុំអត់បានធ្វើខុសនឹងប្រពៃណីទេបង គឺពួកខ្ញុំរៀបការរួចហើយ គ្រាន់តែធ្វើមិនធំដុំ ត្រឹមជួបជុំសាច់ញាតិ ដើម្បីចាស់ទុំទាំងសងខាងដឹងលឺ និងមានមិត្តភ័ក្ដិជិតស្និទ្ធប្រមាណជាង ១០នាក់ប៉ុណ្ណោះ។
សុនិតា មិនបានពន្យល់ទេ ហេតុអ្វី នាងមិនធ្វើពិធីធំដុំឲ្យសមទៅនឹងកិត្តិយស កេរ្តិ៍ឈ្មោះនាង និងស្វាមី ប៉ុន្តែនាងប្រាប់ថា នៅពេលនេះ ពួកនាងកំពុងតែសប្បាយចិត្តខ្លាំង។ នាងថ្លែងបន្តថា “ឥឡូវខ្ញុំត្រៀមខ្លួនរួចហើយក្នុងការធ្វើជាម្ដាយរបស់គេ៕
អត្ថបទ៖ កែវ ចន្ទ័សុផាវរុណ