៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្ករចំនួន ៣៧៩ ៥៤៦តោន ដែលមានទឹកប្រាក់ប្រមាណ២៨០លានដុល្លារ
រយៈពេល៧ខែដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញអង្ករចំនួន ៣៧៩ ៥៤៦តោន ដែលមានទឹកប្រាក់ប្រមាណ២៨០លានដុល្លារតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៤នៅលើពិភពលោក។ នេះបើយោងតាមបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)។
ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៧៩ ៥៤៦ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨៦ ៣៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៤៤.៩២ លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ការនាំអង្ករចេញ ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ,២០៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨.២៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៧ ៩៣៣ តោន គិតជាទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៨ ០៣២ តោន គិតជាទឹកប្រាក់ចំនួន ៣៣.១៩ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៥២% ប្រភេទអង្ករស ធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨% ។
ក្នុងរយៈពេល៧ខែនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៧១១,១៧៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧៨៤.៦០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨០.៥០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕