ខ្សែការពារឆ្នើមចាស់វស្សា Pepe ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ!
ខ្សែការពារកណ្ដាល Pepe បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយក្នុងអាយុ៤១ឆ្នាំ បន្ទាប់ពីរូបគេចាយពេលអស់២៩ឆ្នាំនៅជាមួយបាល់ទាត់គិតចាប់ពីពេលចាប់ផ្ដើមលេងក្នុងឈុតយុវជននាឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ន។ មុនពេលប្រកាសថាខ្លួនចូលនិវត្តន៍នេះ Pepe ក៏បានចូលរួមការប្រកួតក្នុងពានរង្វាន់ European Championship ខណៈដែលប្រកួតចុងក្រោយរបស់គេគឺការប្រកួតទល់បារាំងដែលចាញ់ដោយបាល់ប៉េណាល់ទីត្រឹមវគ្គ៨ក្រុមចុងក្រោយ។ អតីតខ្សែការពារកណ្ដាលដ៏មានសក្ដានុពលរបស់ Real Madrid រូបនេះចូលរួលរួមការប្រកួតសរុបបានចំនួន ១៤១លើកសម្រាប់ជម្រើសជាតិព័រទុយហ្គាល់របស់គេ ដែលក្នុងនោះមានតែកីឡាករ២នាក់ប៉ុណ្ណោះដែលលេងឲ្យជម្រើសជាតិបានច្រើនជាងគេគឺ Cristiano Ronaldo និង Joao Moutinho ។
ក្នុងការប្រកាសចូលនិវត្តន៍នេះដែរ Pepe ក៏បាននិយាយអរគុណទៅកាន់ថ្នាក់ដឹកនាំក្លឹប និងជម្រើសជាតិដែលផ្ដល់ឱកាស និងជឿជាក់លើគេ ក្នុងការឲ្យគេបានបំពេញការងារក្នុងនាមជាកីឡាករ។ Pepe ជាកីឡាករដែលមានវ័យចំណាស់ជាងគេក្នុងការរកបានគ្រាប់បាល់កាលពីរដូវកាលមុនក្នុងពានរង្វាន់ Champions League កាលពីរដូវកាលមុនក្នុងកំឡុងការប្រកួតរវាងក្រុមរបស់គេ Porto និង Antwerp ក្នុងវគ្គសន្សំពិន្ទុតាមពូល។
សូមបញ្ជាក់ថា ក្រៅពីលេងឲ្យ Real Madrid ខ្សែការពារកណ្ដាលម្នាក់នេះក៏ធ្លាប់លេងនៅក្លឹប Porto, Besiktas និង Maritimo ផងដែរ។ ក្នុងការប្រកាសចូលនិវត្តន៍នេះ Pepe បានប្រកាសនៅលើ Chanel YouTube របស់គេកាលពី ៩ម៉ោងមុននេះ ព្រមទាំងបាននិយាយអរគុណទៅកាន់អ្នកគាំទ្រទាំងអស់របស់ខ្លួនផងដែរ។ គេបានឈ្នះពាន EURO 2016 ជាមួយ ព័រទុយហ្គាល់ និងបានជួយឲ្យ Real Madrid ឈ្នះពាន Champions League ចំនួន ៣លើក La Liga ៣លើក កំឡុងរូបគេនៅជាមួយ Real Madrid អស់រយៈពេល១០ឆ្នាំ។
គិតចាប់ពីពេលដែលចូលលេងក្លឹបអាជីពឆ្នាំ២០០១ មកដល់បច្ចុប្បន្ន គេបានបង្ហាញខ្លួនសរុបចំនួន ៥៣៥ ប្រកួតក្នុងនោះគេរកបាន៣៥គ្រាប់ក្នុងនាមជាខ្សែការពារកណ្ដាល។ Pepe មិនត្រឹមជាកីឡាករដែលល្អគេក៏មានគុណវិបត្តិដូចគ្នាគឺជាកីឡាករដែលលេងកាច និងជាប់ជាកីឡាករដែលទទួលបានកាតក្រហមច្រើនម្នាក់ក្នុងអាជីពបាល់ទាត់គឺ១៧កាតក្រហម៕