លោក ថោង ខុន៖ កាប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” ជាព្រឹត្តិការណ៍ដើម្បីអភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនបុរាណរបស់បុព្វបុរសខ្មែរ
ព្រឹត្តិការណ៍ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្ដើមជាផ្លូវការហើយ ដោយការធ្វើសន្និសីទកាសែតប្រកាសពីការបើកកម្មវិធីបានចាប់ផ្ដើមកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ។ ខណៈការប្រកាសឲ្យចុះឈ្មោះគឺអាចចាប់ថ្ងៃប្រកាសនេះទៅរហូតដល់ការប្រកួតមកដល់នាខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដួចផ្ដើម និងគាំទ្ររៀបចំព្រឹត្តិការណ៍នេះ។
លោកទេសរដ្ឋមន្ដ្រីបន្ដថា «ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ជាប្រវត្តិសាស្រ្តនេះគឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរមួយចំនួន ដែលបានគប់បាត់ ដើម្បីយកមករៀបចំធ្វើអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស នូវ “មរតកយុទ្ធគុនខ្មែរបុរាណ”»។
លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតព្រឹត្តិការណ៍យុទ្ធគុនចម្រុះបានឲ្យដឹងថា តាមពិតទៅការបង្កើតឲ្យមានជាព្រឹត្តិការណ៍កើតចេញពីគំនិតផ្ដួចផ្ដើមដ៏ខ្ពស់ខ្ពស់របស់សម្ដេចមហាបវរ ក្នុងគោលដំបងដើម្បីគាស់រំលើងឡើងវិញនូវក្បាច់គុនចម្រុះរបស់ដូនតាខ្មែរ។ សម្ដេចបានដឹងច្បាស់ថាកន្លេងមកនេះក្រោមការខិតខំ ប្រឹងប្រែងរបស់ក្រសួងអប់ និង NOCC និងបណ្ដាសហព័ន្ធគុនខ្មែរ យុទ្ធគុនចម្រុះ ល្បុក្កតោ និងយុទ្ធក្រមខម។
លោកថា «ក្នុងនាមជាកូនខ្មែរយើងនៅសល់ក្បាច់គុនច្រើនទៀតមានក្បាច់ដំបង ស្រង៉ែពែន ដូច្នេះសម្ដេចក៏ឲ្យពួកយើងខិតខំស្រាវជ្រាវឡើងវិញដើម្បីចងក្រង។ ធម្មតាបើចង់អភិរក្សឲ្យបានល្អត្រូវតែខិតខំស្រាវជ្រាវ រៀបចំការប្រកួតឲ្យបានច្រើន ក្នុងការអភិវឌ្ឍន៍ត្រូវតែរៀបចំការប្រកួតឲ្យបានច្រើន រៀបចំបទបញ្ជាបច្ចេកទេសឲ្យបានច្បាស់លាស់។ ឆ្នាំដំបូងរៀបចំនៅក្រុងភ្នំពេញ ហើយទៅឆ្នាំបន្ទាប់យើងអាចបន្តទៅក្រុងសៀមរាប បាត់ដំបង និងខេត្តសំខាន់ៗមួយចំនួនទៀត»។
ឯកឧត្ដមបានឲ្យដឹងទៀតថា សម្ដេចមហាបវរធិបតីគ្រោងថា គ្រោងបង្កើតព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយ ប៉ុន្តែដោយសារតែសម្ដេចមើលឃើញថា កម្ពុជាបានរៀបចំការប្រកួតទទួលបានជោគជ័យកន្លងកមហើយ ពិសេសនោះគឺការប្រកួត AMMA ក៏បានធ្វើពីក្បាច់គុនបានខ្លះៗដែរហើយ ហើយក៏ឃើញមានសក្ដានុពលហើយដែរ ដូច្នេះក៏សម្រេចថាបង្កើតព្រឹត្តិការណ៍ក៏ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ តុលា ឆ្នាំ២០២៤ ជាកម្មវិធីបិទ។
ដោយឡែកលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះបើកចំហដល់អ្នកចង់ចូលរួមទាំងអស់ អាចធ្វើការដាក់ពាក្យបានឲ្យតែចេះក្បាច់គុនដូនតាខ្មែរហើយមានអាយុតិចជាង៦៥ឆ្នាំ។ ពោលគឺឲ្យតែអាចលេងបាន អាចប្រកួត បានអាចសម្ដែងបាន អាចចូលរួមបានគឺ អាចមកដាក់ពាក្យបានហើយ បើទោះមកគេមិនស្គាល់ក៏ដោយឲ្យតែគាត់មានភស្តុតាងច្បាស់លាស់ថា ខ្លួនបានហាត់ក្បាច់គុនដូនតាខ្មែរ។
លោកបញ្ជាក់ដែរថា បទបញ្ជាការប្រកួតចែកជា២ផ្នែក ១ផ្នែកប្រយុទ្ធ មួយទៀតសម្ដែង បើអ្នកមានទេពកោសល្យខាងសម្ដែងក៏ទទួលបានការសម្ដែង និងប្រឹងប្រែងហ្វឹកហាត់សម្រួចទៅរកការសម្ដែងរបស់ខ្លួន ។ ក្នុងករណីមានទេពកោសល្យផ្នេកប្រយុទ្ធគឺត្រូវសម្រួចសមត្ថភាពរបស់ខ្លួនឆ្ពោះទៅរកការប្រកួតបែបប្រយុទ្ធ។
ព្រឹត្តិការណ៍ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្ដើមជាផ្លូវការហើយ ដោយការធ្វើសន្និសីទកាសែតប្រកាសពីការបើកកម្មវិធីបានចាប់ផ្ដើមកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) មានកីឡាករ ព្រំ សំណាង លន បញ្ញា សែន ចាន់រិទ្ធីគុន ធន់ រិទ្ធី ម្ចាស់មេដាយប្រាក់ពិភពលោក ឡុង ឡា ម្ចាស់មេដាយមាស AMMA ខៀវ ចិន្តារ័ត្ន ព្រមទាំងកីឡាករ-កីឡាការិនីល្បីជាច្រើនទៀតផងដែរ៕