អភិបាលខេត្តតាកែវ បញ្ជាឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបការនាំសាច់បង្កកខុសច្បាប់ ចូលមកកម្ពុជាតាមច្រកខេត្តតាកែវ
(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ អភិបាលខេត្តតាកែវ បញ្ជារអោយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសសមត្ថកិច្ចដែលឈរជើងនៅតាមព្រំដែន ត្រូវតែធ្វើការទប់ស្កាត់ឱ្យខានតែបាន ចំពោះការលួចនាំចូលសាច់បង្កកខូចគុណភាព ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែននានា របស់ខេត្តតាកែវ។
លោក វ៉ី សំណាង បានអោយដឹងថា «បើយើងមិនទប់ស្កាត់សាច់បង្កកខូចគុណភាព ហើយបន្តឱ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើង អ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺប្រជាពលរដ្ឋកម្ពុជាយើង ព្រោះពួកគាត់ជាអ្នកទិញយកមកទទួលទានសាច់ខូចគុណភាពនេះ ហើយវានឹងធ្វើឱ្យពួកគាត់កើតជំងឺផ្សេងៗ ដែលនឹងត្រូវចំណាយថវិកាជាច្រើនក្នុងការព្យាបាលជំងឺរបស់ពួកគាត់»។
លោកបន្ថែមថា កន្លងមកសមត្ថកិច្ចឈរជើងតាមព្រំដែនរួម នឹងមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ និងចាប់បានសាច់បង្កកខូចគុណភាពមួយចំនួន ដែលនាំចូលពីប្រទេសជិតខាងយកទៅដុតបំផ្លាញចោល ក៏ប៉ុន្តែនៅតែមានក្រុមឈ្មួញខិលខូចមួយចំនួន បានបន្តលួចនាំចូលដោយខុសច្បាប់តទៅទៀត បញ្ហានេះសូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមឈ្មួញខិលខូចទាំងអស់នោះ យកមកកាត់ទោសទៅតាមច្បាប់ ដើម្បីកុំឱ្យពួកគេបន្តធ្វើសកម្មភាពខុសច្បាប់នេះតទៅទៀត។
ជាមួយគ្នានេះដែរលោកអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធរួម និងអភិបាល ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន ហើយត្រូវធ្វើការទប់ស្កាត់កុំឱ្យបញ្ហានេះកើតមានឡើងនៅក្នុងខេត្តតាកែវ៕