ក្រោយម្ហូបខ្មែរ នាំចេញទៅកូរ៉េជោគជ័យ ពេលនេះក្រុមហ៊ុន PPF កំពុងតែទាក់ទងប្រទេសមួយចំនួនទៀត
(ភ្នំពេញ)៖ ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក បាននាំចេញម្ហូបខ្មែរកែច្នៃជាអាហារសម្រេច បានសម្រេចនាំចេញជាលើកដំបូងទៅកាន់ប្រទេសកូរ៉េជាផ្លូវការហើយក្នុងបរិមាណចំនួនជាង ៥០០គីឡូក្រាម ពេលនេះក្រុមហ៊ុនកំពុងតែទាក់ទងប្រទេសមួយចំនួនទៀត។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោកស្រី ហ៊ុក ស្រីហួរ ជាអគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក បានឲ្យដឹងថា លោកស្រីមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមចំណែកពាំនាំ ផ្សព្វផ្សាយ ម្ហូបខ្មែរ ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ទៅកាន់ពិភពលោកឲ្យបានដឹង បានលឺ បានស្គាល់ បានភ្លក់កាន់តែសុះសាយ។
លោកស្រីថា ក្រុមហ៊ុនអ្នកស្រីចាប់ផ្តើមដំណើរការ និងចុះបញ្ជីរចាប់តាំងពីឆ្នាំ២០២១។ ហើយការបើកអាជីវកម្ម ដោយផ្តោតទៅលើម្ហូបអាហារខ្មែរ ដោយអ្នកស្រីយល់ថា ម្ហូបខ្មែរមានសក្តានុពលខ្លាំងក្នុងការដែរនាំពិភពលោកយើងបានស្គាល់ ហើយណាមួយ ខ្ញុំស្រលាញ់វិស័យម្ហូបអារហារយូហើយ ហើយអ្នកស្រីនៅក្នុងអាជីវកម្មទាក់ទងនឹងអាហារនេះប្រមាណ១០ឆ្នាំហើយដែរ។
លោកស្រីថា ការនាំចេញជាផ្លូវការយើងទើបបានតែមានប្រទេសកូរ៉េមួយទេ ហើយការនាំចេញទើបតែបានប្រហែល៥០០គីឡូក្រាម។ ការនាំចេញទៅប្រទេសកូរ៉េ គឺមានប្រភេទបុកត្រីចង្អើរ២មុខ ទី១បុកត្រីចង្អើរ និងទី២បុកកន្ទុយហេស។ អ្នកស្រីថា «បន្ទាប់ពីប្រទេសកូរ៉េជោគជ័យ លោកស្រីបានទាក់ទងទៅប្រទេសអូស្ត្រាលី ឥឡូវខាងគេកំពុងតែធ្វើការចចារ ខ្ញុំគិតថាខាងអូស្ត្រាលីប្រហែលជាអាចចុងឆ្នាំនេះនាំចេញទៅបានហើយ។ ឥឡូវខ្ញុំកំពុងតែទាក់ទងទៅអង់គ្លេស ដែលគាត់ធ្វើជាប្រភេទគ្រឿងខ្មែរយើងដែលយើងធ្វើបួនមុខអោយគាត់ គាត់ក៏បានទំលាក់ចំនួនកុហ្មងចេញមកដែរ។ ក្រៅពីនេះមានដំណឹងល្អមួយទៀតគឺខាងញូសេឡែន ខាងគេកំពុងតែកុហ្មង់ប្រហុកចេញទៅ ដែលមានចំនួនប្រហែល២តោន»។
អ្នកស្រីថា ចក្ខុវិស័យបន្ទាប់របស់ក្រុមហ៊ុន គឺពាំនាំម្ហូបខ្មែរទៅកាន់ប្រទេសផ្សេងទៀតដូចជា៖ អាមេរិក អូស្ត្រាលី បារាំង កាណាដា ថៃ ចិន វៀតណាម ជប៉ុន ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង ប្រហុកឡាប ប្រហុកអប់ក្រូចឆ្មារ ប្រហុកខ្ទិះ សាច់ប្រឡាក់គ្រឿងស្រាប់។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារ ពាសពេញប្រទេសកម្ពុជាជាង ៣៥០កន្លែង៕