នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេស
(ដាក្កា)៖ ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នេះថា នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេសថែមទៀត។ ការលាលែងពីតំណែង និងរត់ចេញពីប្រទេសនេះ កើតមានឡើង ចំពេលមានការធ្វើបាតុកម្មផ្ទុះជាអំពើហិង្សា ទាមទារឱ្យលោកស្រី ចុះចេញពីអំណាច។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង់ក្លាដែស បានរាយការណ៍ថា លោកស្រី Hasina បានភៀសខ្លួនចេញពីបង់ក្លាដែសតាមឧទ្ធម្ភាគចក្រ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ខណៈក្រុមបាតុកម្មបានសម្រុកចូលដល់ វិមាននាយករដ្ឋមន្រ្តីរបស់លោកស្រី។ មនុស្សប្រមាណជិត ១០០នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ កាលពីថ្ងៃអាទិត្យកន្លងទៅ។
គួរបញ្ជាក់ថា លោក Sheikh Hasina បានបន្តជាប់ឆ្នោតសម្រាប់អាណត្តិទី៥ កាលពីខែមករា ដើមឆ្នាំនេះ។ លោកស្រី កាន់តួនាទីជា នាយករដ្ឋមន្រ្តីលើកដំបូង ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន៕