KKIF ចាប់ដៃជាមួយអប្សរា ពង្រីកវិសាលភាពគុនខ្មែរឱ្យកាន់តែល្បីល្បាញ
ដើម្បីរួមគ្នាជួយផ្សព្វផ្សាយវិស័យប្រដាល់គុនខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺទាំងលើឆាកជាតិ ជាពិសេសនៅលើឆាកអន្តរជាតិក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌាសឺវីស។ ពិធីចុះ MoU នៅផ្សារទំនើបជីពម៉ុងមេហ្គាម៉ាល 271 កាលពីថ្ងៃទី៤ ខែសីហា។
MoU រវាង KKIF និងទូរទស្សន៍អប្សរាបានផ្តោតខ្លាំងទៅលើការផ្សព្វផ្សាយកម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរ និងតេជះគុនខ្មែរ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍អប្សរា និង AMS Sport ព្រមទាំងមានការផ្សាយបន្តផ្ទាល់នៅលើផេចហ្វេសប៊ុករបស់ KKIF និងលើបណ្តាញសង្គមមួយចំនួនទៀតផងដែរ។
លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាមេឌាសឺវីស បានថ្លែងថា ការចុះ MoU យើងនឹងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទាំងកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីតេជះគុនខ្មែរ នៅលើទំព័រហ្វេសប៊ុក AMS Sport ហើយមានការឡាយបន្តនៅលើផេច KKIF និងលើបណ្តាញសង្គមជាច្រើនទៀត។
បន្ថែមលើនេះ លោក ឃុនស្រ៊ុន ចង់ប្រើប្រាស់ការចុះ MoU នេះ ជាឱកាសក្នុងការបណ្តុះបណ្តាលកីឡាករគុនខ្មែរវ័យក្មេង ដែលជាអ្នកបន្តវេនឱ្យបានកាន់តែច្រើន ព្រមទាំងផ្តល់ឱកាសឱ្យពួកគេ បានឡើងប្រកួតដកស្រង់បទពិសោធន៍។ លោកថា៖ «នេះជាវេទិកាបញ្ចេញសមត្ថភាពមួយ ដូច្នេះទើបយើងអាចរក្សាបាននៅលំហូរកីឡាករវ័យក្មេងថ្មីៗ ដើម្បីធ្វើឱ្យវិស័យប្រដាល់គុនខ្មែរ អាចស្ថិតស្ថេរ និងរឹងមាំបានយូរអង្វែង។ខ្ញុំជឿជាក់ថា ការចាប់ដៃយុទ្ធសាស្រ្តជាមួយ AMS និងទូរទស្សន៍អប្សរា នាពេលនេះ យើងនឹងអាចបង្កើតមាតិការជាច្រើនបន្តបន្ទាប់ទាំងសកម្មភាពហ្វឹកហាត់ និងការប្រកួតនានា ដើម្បីផ្សព្វផ្សាយវិស័យគុនខ្មែររបស់យើងឱ្យកាន់តែផុសផុលខ្លាំងក្លា»។
លោក ស្រី ចាន់ថន ស្ថាបនិកក្លិបប្រដាល់គុនខ្មែរអន្តរជាតិ បានឱ្យដឹងថា ក្លិប KKIF ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា រួមទាំងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសសហព័ន្ធកីឡាប្រដាល់កម្ពុជា និងដៃគូឧបត្ថម្ភនានា ដែលធ្វើឱ្យលោកមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការផលិតធនធានកីឡាករគុនខ្មែរ ក្នុងបេសកម្មផ្សព្វផ្សាយគុនខ្មែរឱ្យល្បីរន្ទឺនៅជុំវិញពិភពលោក។
លោកថា ក្លិប KKIF បាននឹងកំពុងរៀបចំកម្មវិធីប្រកួតចំនួន២ គឺទី១ កម្មវិធីអាណាចក្រថ្នាលគុនខ្មែរ ដែលធ្វើនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី១ និងទី៣ ក្នុង១ខែ ហើយកម្មវិធីនេះមានការចូលរួមពីកីឡាករថ្មីៗ មកពីបណ្តាក្លិបផ្សេងៗជាច្រើននៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយប្រើថវិកាផ្ទាល់ខ្លួន។ ចំណែកទី២ KKIF បានរៀបចំការប្រកួតឱ្យមានការប្រកួតជាលក្ខណៈឈុតធំក្នុងកម្មវិធី «តេជះគុនខ្មែរ» ដោយធ្វើរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍ទី២ និងទី៤ក្នុង១ខែៗ ហើយមានការចូលរួមប្រកួតពីកីឡាករបរទេសជាច្រើន ចាប់តាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ដោយប្រើថវិកាខ្លួនឯងសុទ្ធសាធ។ បន្ថែមលើនេះ KKIF ក៏មានបេសកកម្មពិសេសក្នុងការបញ្ជូនកីឡាករល្អៗទៅប្រកួតនៅក្រៅប្រទេសផងដែរ។
លោក ស្រី ចាន់ថន បន្ថែមថា «យើងបានបញ្ជូនក្រុមកីឡាកររបស់កម្ពុជា ជាពិសេស កីឡាករក្នុងក្លិប KKIF ទៅប្រកួតនៅក្រៅប្រទេសក្នុងកម្មវិធីស្ថាប័នលំដាប់ពិភពលោកមួយចំនួន ដូចជានៅប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន…ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់។ ជាលទ្ធផលរួម គឺធ្វើឱ្យពិភពលោកគេស្គាល់គុនខ្មែរកាន់តែច្រើន»។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ការចុះ MoU នេះ គឺជាវេទិកាមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា ហើយជាសញ្ញាវិជ្ជមានមួយក្នុងការសហប្រតិបត្តិការជួយគ្នា ជ្រោមជ្រែងគ្នា រួមគ្នាផ្សព្វផ្សាយគុនខ្មែរឱ្យល្បីរន្ទឺទៅដល់ជុំវិញពិភពលោក។ យើងខ្ញុំក៏សូមអំពាវនាវដល់បណ្តាក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភតិចក្តីច្រើនក្តី ដើម្បីជាជំហរក្នុងការពង្រីកវិសាលភាពផ្សព្វផ្សាយគុនខ្មែររបស់យើងបន្ថែមទៀត»។
ចំណែកលោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសរសើរលោក ស្រី ចាន់ថន ដែលបានចូលរួមយ៉ាងសស្រាកសស្រាំក្នុងការរួមចំណែកអភិវឌ្ឍប្រដាល់គុនខ្មែរ តាមរយៈការបង្កើតឱ្យមានក្លិប KKIF ហើយលោកក៏ធ្លាប់បានឧបត្ថម្ភទាំងស្រុង ទៅលើការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ចំនួន២លើកកន្លងមក។
លោក កាដូ បញ្ជាក់ថា៖ «លោកឧកញ៉ា ស្រី ចាន់ថន ពិតជាមានភាពសកម្មក្នុងការចូលរួមជួយបំផុសសកម្មភាពកីឡាប្រដាល់គុនខ្មែរ ចំណែកការចាប់ដៃជាមួយទូរទស្សន៍អប្សរា ក្នុងការផ្សាយផ្ទាល់ទាំងក្នុងកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងតេជះគុនខ្មែរ គឺជាគំនិតថ្មីមួយទៀតរបស់លោកឧកញ៉ា ក្នុងការជួយបំផុសអភិរក្ស និងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរទាំងនៅលើឆាកជាតិ និងអន្តរជាតិ ដែលយើងទាំងអស់គ្នា ត្រូវតែអបអរនូវសមិទ្ធផលដ៏ល្អនេះ»៕