រដ្ឋបាលខេត្តកែប ប្តេជ្ញាធ្វើឱ្យខេត្តក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ជាមួយភាពស្អាតរបស់កម្ពុជា
លោកសោម ពិសិដ្ឋ បានអោយដឹងថា កែបជាខេត្តសម្បូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង ១០ម៉ឺនដើម។ ដើមក្ងោកហាក់បីដូចជា រុក្ខជាតិបញ្ជាក់អត្តសញ្ញាណរបស់ខេត្តកែប ហើយទេសចរតែងតែមកពីគ្រប់ទិសទីដើម្បីទស្សនា និងថតរូបអនុស្សាវរីយ៍នៅរដូវក្ងោកផ្កា។
លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឲ្យដឹងថា ផ្អែកតាមចក្ខុវិស័យដឹកនាំរបស់អភិបាលខេត្ត នឹងធ្វើឲ្យក្រុងកែបក្លាយជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតង។ ដោយឡែក អ្វីដែលគួរឲ្យកត់សម្គាល់ និងចាប់អារម្មណ៍បំផុត គឺខេត្តកែបសម្បូរទៅដោយដើមក្ងោកដុះអមតាមដងផ្លូវនានាទូទាំងខេត្ត។ លោកបានបន្ថែមថា កែបជាខេត្តដែលមានដើមក្ងោកច្រើនជាងគេនៅទូទាំងប្រទេស កែបបានក្លាយជាទីក្រុងផ្កាក្ងោកដែលមានសម្រស់ឆើតឆាយ និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនឲ្យមកទស្សានា នៅរដូវក្ងោកផ្កា ចន្លោះខែមីនា ដល់ ខែសីហា។ ហើយក្ងោករាប់រយដើមបានដាំបន្ថែម នៅតាមដងផ្លូវនានា ក្នុងរដូវវស្សាឆ្នាំនេះ។
លោកប្រធានមន្ទីរ បានជំរុញលើកទឹកចិត្ត ដល់មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមចូលរួមដាំ និងអភិរក្សធនធានមានស្រាប់ ពិសេសព្រៃឈើតំបន់ឧទ្យានជាតិកែប។