រដ្ឋមន្ត្រីបរិស្ថាន៖ ពលរដ្ឋជិត ៩លាននាក់ហើយ ប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ប្លាស្ទិក
ភ្នំពេញ៖ តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គិតមកដល់ពេលនេះ មានអ្នកចូលរួមប្រមាណ ៨.៨លាននាក់ហើយ បានចូលរួមប្តេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបាឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការីឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ដែលចូលរួមដោយផ្ទាល់នៅសហសាលសាលាភូមិន្ទរដ្ឋបាល និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams សរុបប្រមាណ ៣៩០អង្គ/នាក់ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដូចនេះថា «តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គិតមកដល់ពេលនេះជាលទ្ធផលមានសិស្ស ៣ ៦០០ ០០០នាក់ទូទាំងប្រទេសចូលរួមក្នុងយុទ្ធនាការនេះ ហើយក៏មានកម្មករ កម្មារីនី ព្រះសង្ឃ ដូនជី និងប្រជាពលរដ្ឋទូទៅ សរុបរហូតដល់ថ្ងៃនេះយើងបាន ៨ ៨០០ ០០០នាក់ បានចូលរួមប្តេជ្ញាចិត្តថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា លទ្ធផលទាំងនេះមានន័យថា មានប្រមាណជាងពាក់កណ្តាលនៃប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា បានប្តេជ្ញាចិត្តឈប់ប្រើប្រាស់ប្លាស់ស្ទិកទេ យ៉ាងតិចម្តងក្នុងមួយថ្ងៃ ហើយបើយើងគុណចំនួនថង់ផ្លាស្ទិកជាស្ថិតិប្រជាជនកម្ពុជាប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមយ៉ាងតិច ៤ថង់ប្លាស្ទិក សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ គឺយើងបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បានយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា នៅក្នុងគោលដៅយុទ្ធសាស្រ្តទី១ «ភាពស្អាត» របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួមជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។ នេះជាជោគជ័យមួយដែលលើសពីការរំពឹងទុក។
បច្ចុប្បន្ននេះក៏នៅមានសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងវត្តអារាមនានា បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គឺជាយុទ្ធនាការបំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សម្អាតបរិវេណផ្ទះ សាលារៀន វត្តអារាម ទីសាធារណៈ រយៈពេល១៥នាទី នៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីបំផុសផ្នត់គំនិតស្អាត ចលនាធ្វើឱ្យមូលដ្ឋានស្អាត ឱ្យកម្ពុជាស្អាត ទាំងក្នុងប្រទេសនិងស្អាតលើឆាកអន្តរជាតិ៕