សពអាកាសយានិក២រូប ត្រូវបានបូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យនៅភ្នំពេញ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង បានអោយដឹងថា សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់ បន្ថែមថា ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា ដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់ គឺមានជ្រោះជ្រៅចោទ ដូច្នេះពេលវេលា ដែលដឹកជញ្ជូននេះ ប្រើប្រាស់ពេលរហូតដល់៧-៨ថ្ងៃ បន្ថែមពីនេះ កម្លាំងដែលដឹកជញ្ជូនមានការទ្រុឌទ្រោមជាខ្លាំង។ ដូច្នេះផ្អែកតាមស្ថានភាពនេះ ដោយមានការឯកភាពពីក្រុមគ្រួសារផង គណៈបញ្ជាការរុករកក៏បានរៀបចំបូជានៅក្បែរកន្លែងកើតហេតុនោះ ហើយនឹងដឹកជញ្ជូនធាតុមកដល់រាជធានីភ្នំពេញ នៅក្នុងថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ការបូជាសពអាកាសយានិកទាំងពីររូបនៅក្បែរកន្លែងកើតហេតុ ក៏មានអាចារ្យ និងការរៀបចំពិធីផ្សេងៗ តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ។
សូមបញ្ជាក់ថា នាយទាហានទាំង២រូប ដែលជាអាកាសយានិក បានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់៕