មេដឹកនាំក្រុមហាម៉ាស គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់

មេដឹកនាំក្រុមហាម៉ាស គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហាម៉ាសបានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលត្រូវបានសម្លាប់ដោយការវាយឆ្មក់របស់ ពួក Zionist (អ៉ីស្រាអែល) លើគេហដ្ឋានរបស់លោកក្នុងទីក្រុងតេហេរ៉ង់។

សេចក្ដីថ្លែងការណ៍របស់ក្រុមហាម៉ាស បានអោយដឹងថា លោក Haniyeh បានសម្លាប់នៅក្នុងការវាយប្រហារមួយរបស់ពួក Zionist លើទីស្នាក់ការរបស់លោកក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian។

កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃពុធនេះដែរថាមេដឹកនាំក្រុមហាម៉ាសរូបនេះត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយ អង្គរក្សម្នាក់របស់លោក។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «គេហដ្ឋានរបស់របស់លោក Ismail Haniyeh ប្រមុខការិយាល័យនយោបាយរបស់ ចលនាតស៊ូអ៉ីស្លាមហាម៉ាសរងការវាយប្រហារក្នុងទីក្រុងតេហេរ៉ង់ ដោយបណ្ដាលឱ្យរូបលោក និងមនុស្សម្នាក់ក្នុងចំណោមអង្គរក្សរបស់លោកបានស្លាប់»

ក៏ប៉ុន្តែភ្លាមៗ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយ។ ចំណែកឯ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បញ្ជាក់ថាមូលហេតុស្លាប់របស់លោក Haniyeh កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds