រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅខេត្តក្រចេះ នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជន និងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុន។
លោករដ្ឋមន្រ្តីថ្លែងដោយភាពជឿជាក់ផងថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត៨,៧លាននាក់ នៅលើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ។
លោករដ្ឋមន្រ្តីចាត់ទុកថា ការសម្អាតសម្រាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត ចំពោះការចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្ពុជាផងដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បន្តថា ការដាំដើមឈើឱ្យបាច្រើន និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែក នៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។
ដោយឡែកលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសំដែងការគាំទ្រយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាក់ចេញដើម្បីភាពស្អាត ភាពបៃតង និងឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ តាមរយៈកម្មវិធីនៅថ្ងៃនេះ លោកបានស្នើឱ្យមានការចែករំលែក និងការចូលរួមទាំងអស់គ្នា ទុកដាក់សំរាមឱ្យបានល្អ ដើម្បីជៀសវាងកុំឲ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូលយកទុកឲ្យមានរបៀបរៀបរយផងដែរ និងធ្វើឱ្យមូលដ្ឋាន និងសហគមន៍ស្អាត។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នឹងបន្តគាំទ្រចូលរួមយុទ្ធនាការដាក់ចេញដោយក្រសួងបរិស្ថាន សម្អាតអនាម័យ និងវិចខ្ចប់សម្រាម នៅទីតាំងរបស់ខ្លួន ដើម្បីសោភ័ណ្ឌភាពនិងអនាម័យបរិស្ថានស្អាតនៅពេលអនាគត៕