ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេសសត្វខ្លាធំ
មន្ត្រីជាំន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេសសត្វខ្លាធំ ឬសត្វខ្លាដំបង ក្នុងតំបន់ការពារធម្មជាតិ ដែលពពួកសត្វទាំងនេះមានសារៈសំខាន់ និងចាំបាច់ដើម្បីថែរក្សាការពារសុខមាលភាពជីវៈចម្រុះ និងលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងទីជម្រកធម្មជាតិ។
ថ្លែងក្នុងពិធីប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ ដែលរៀបចំដោយក្រសួងបរិស្ថាន ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេស សត្វខ្លាធំ ឬសត្វខ្លាដំបង ក្នុងតំបន់ការពារធម្មជាតិ ព្រោះសត្វខ្លាធំ គឺជាអត្តសញ្ញាណរបស់ទ្វីបអាស៊ី ដែលមានវត្តមានតែក្នុងប្រទេសចំនួន ១៤ ប៉ុណ្ណោះរួមមាន៖ រុស្ស៊ី កាហ្សាក់ស្ថាន ចិន ឥណ្ឌា ប៊ូតាន នេប៉ាល់ បង់ក្លាដែស មីយ៉ាន់ម៉ា ថៃ ឡាវឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ដែលវត្តមានចុងក្រោយត្រូវបានថតដោយកាមេរ៉ាថតសត្វនៅឆ្នាំ ២០០៧។
លោកថា «កម្ពុជាត្រូវបានអន្តរជាតិចាត់ជាប្រទេស ដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាស្តារសត្វខ្លាធំឡើងវិញ តាមរយៈការបង្កើតផែនការសកម្មភាពសត្វខ្លាធំនៅកម្ពុជា ២០១៥-២០២៤»។
គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានសត្វខ្លាទាំងនេះចេញពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោកគេប៉ាន់ប្រមាណថា ចំនួនសត្វខ្លាធំ នៅសេសសល់នៅមានប្រមាណ ៣ពាន់ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោកនោះ៕