ឃាត់ខ្លួនមេធាវី ជាឧកញ៉ា និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងក្លិបកម្សាន្ដ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ បានចុះឃាត់ខ្លួនលោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថា ជាមេធាវី និងមានងារជាឧកញ៉ា និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងក្លិបកម្សាន្ដមួយកន្លែងក្នុងមូលដ្ឋានខណ្ឌចំការមន។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្លឹបកំសាន្ត Central.X ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីមេការក្នុងក្លឹបកំសាន្ត បានឲ្យដឹងថា មានមនុស្សប្រុសស្រីមួយក្រុមបាននាំគ្នាចូលក្លឹបកម្សាន្ដបានហៅស្រាចំនួន២ដប ដើម្បីហូបជាមួយគ្នីគ្នា។ ស្របពេលកំពុផឹកបានបន្តិច បុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេនោះ (លោក ខុន បញ្ចសិទ្ធិ) បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង និងបានបាញ់ឡើងលើ០១គ្រាប់ផ្អើលភ្ញៀងក្នុងក្លិបរត់ជាន់ជើងគ្នា។ ភ្លាមៗសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។

បន្ទាប់ពីកម្លាំងអាវុធហត្ថចុះឃាត់ខ្លួនបុរស២នាក់ខាងលើ ពិនិត្យរកឃើញ ព្រមទាំងដកហូតអាវុធខ្លីបាន២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA ដែលសមត្ថកិច្ចឆែកឃើញក្នុងរថយន្តជនសង្ស័យ។

កម្លាំងអាវុធហត្ថបានអោយដឹងថា តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធិ អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ ប៉ុន្តែក្រោយពី អាវុធហត្ថស្រាវជ្រាវរកឃើញអ្នកដែលបាញ់ពិតប្រាកដ គឺជនសង្ស័យឈ្មោះ ខុន សុបញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះឡើយ។

ក្រោយមានការសួរនាំ អស់រយៈពេលជាច្រើនម៉ោង ជនសង្ស័យទាំង០២នាក់នៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង អាវុធហត្ថខណ្ឌចំការមន បន្តប្រគល់ទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ជនសង្ស័យទាំង២នាក់បញ្ជូនទៅតុលាការ។

លោក ខុន បញ្ចសិទ្ធិ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds