អង្គការសំអាតទន្លេ សមុទ្រ-ROC បញ្ជូនទូកកំចាត់សំរាមទៅសំអាតទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
កណ្ដាល៖ ដើម្បីបង្ហាញការចូលរួមពេញទំហឹងក្នុងថែរក្សាអានាម័យ ប្រភពទឹកធម្មជាតិទាំងអស់ អង្គការសំអាតទន្លេ សមុទ្រ បាននឹងកំពុងត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាមរយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើតនូវប្រព័ន្ធគ្រប់គ្រងសំរាមឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកជិកហ្វូណនតេជោត្រូវបានសាងសង់រួច។
លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានអោយដឹងថា ថ្ងៃនេះអង្គការសំអាតទន្លេ សមុទ្រ ក្រោមបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ មានការគាំទ្រថវិការពីក្រុមហ៊ុន Leader Energy Group Berhad, មន្ទីរបរិស្ថានខេត្តកណ្តាល និងអាជ្ញាធរស្រុកកៀនស្វាយ ប្រមាណ១ ០០០នាក់ បានរៀបចំកម្មវិធី អប់រំប្រជាពលរដ្ឋពីការរក្សាអនាម័យទន្លេ និងចុះសំអាតសំរាមចេញពីព្រែកជីកហ្វូណន ព្រែកតាកែវ និងបរិវេណការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សម្ពោធបើកជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្ថែមថា យើងអាចស្រង់សំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់ស្កាត់ការចោលបំពុលដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួមពេញលេញពីប្រជាពលរដ្ឋ ម្ចាស់ជំនួយ និងមានការគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។
សូមបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះសំរាមជាង១៨៩០ តោនត្រូវបានប្រមូលចេញពី ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។ សំរាមទាំងអស់ត្រូវបានញែកតាមប្រភេទ ដើម្បីបំលែងជាថាមពល និង ផលិតជាស៊ីម៉ង់។ នេះជាជោគជ័យមួយដ៏ធំធេងក្នុងការចូលរួមថែរក្សាអនាម័យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជីវៈចម្រុះក្នុងទឹក លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង លើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសក្នុងនាមប្រទេសជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ កម្ពុជា បានបង្ហាញពីភាពទទួលខុសត្រូវលើការគ្រប់គ្រងសំរាមមិនឲ្យមានក្នុងទន្លេទាំងអស់របស់យើង៕