រដ្ឋមន្ត្រីបរិស្ថាន ៖ គ្របក្រុមហ៊ុនដែលមានរោងចក្រ និងមានទីតាំងជាប់តាមបណ្តោយដងស្ទឹងសង្កែ ត្រូវតែបំពាក់ឧបករណ៍ត្រួតពិនិត្យតាមដាន

បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា គ្រប់ក្រុមហ៊ុនដែលមានរោងចក្រ និងមានទីតាំងជាប់តាមបណ្តោយដងស្ទឹងសង្កែ ត្រូវតែបំពាក់ឧបករណ៍ត្រួតពិនិត្យតាមដាន ដែលផ្តល់រលកសញ្ញាបង្ហាញពីសារធាតុទឹកកខ្វក់ និងមានសារធាតុគីមីពុល ដែលក្រសួងបានកំណត់យ៉ាងម៉ឺងម៉ាត់ឳ្យរោងចក្រទាំងនោះត្រូវតែបំពាក់ដាច់ខាតដើម្បីបញ្ចៀសពីការលួចបង្ហូរសារធាតុពុល ទៅក្នុងស្ទឹងសង្កែ ដែលធ្លាប់មានកន្លងមក។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបន្ថែមថា ឧបករណ៍តាមដានត្រួតពិនិត្យ នឹងផ្តល់សញ្ញាភ្លាមៗពីទឹកមានសារធាតុកខ្វក់គីមីពុល។លោកថា ការលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងសង្កែ នឹងលែងបន្តកើតមានទៀតហើយ ខណៈដែលក្រសួងបំពាក់ឧបករណ៍ខាងលើរួចរាល់ នៅតាមរោងចក្រដែលជាប់ប្រភពទឹកស្ទឹងសង្កែ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា យើងមិនត្រូវបណ្តែត បណ្តោយឲ្យក្រុមហ៊ុនទាំងនោះនៅតែបន្តបង្កហានិភ័យគ្រោះថ្នាក់និងការគំរាមកំហែងដល់អាយុជីវិតមនុស្ស សត្វ ដែលរស់នៅផ្នែកខាងក្រោមស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង រាប់សិបម៉ឺននាក់ ដែលកំពុងតែពឹងអាស្រ័យទឹកស្ទឹងប្រវត្តិសាស្ត្រនិងជាប្រភពទឹកដ៏សំខាន់មួយនេះ បានទៀតទេ។

ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃនិងបានកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានខេត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្ត យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តម្ភបី គឺភាពស្អាត ភាពបៃតង និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds