អភិបាលខេត្តកែប ស្នើឲ្យអាជ្ញាធរចុះរុះរើប៉ាណូ និងផ្លាកដែលផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ
កាលពីថ្ងៃទី២៤កក្កដា អភិបាលខេត្តកែប បានណែនាំឲ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដាក់ផ្លាកផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវរុះរើចេញដើម្បីលើកកម្ពស់សីលធម៌ដល់សង្គមប្រកបដោយសុខដុមនីយកម្ម ក្នុងគ្រួសារ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ការដាក់ផ្សព្វផ្សាយស្រាបៀរគ្រឿងស្រវឹងនៅតាមដងផ្លូវ ទីតាំងលក់ភេសជ្ជៈ និងទីតាំងសាធារណៈនានា ធ្វើឱ្យមានភាពអវិជ្ជមាននៅក្នុងសង្គម ជាការអូសទាញដល់យុវជនឱ្យសេពគ្រឿងស្រវឹង ដែលឈានដល់ការបង្កអំពើហិង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារសេពគ្រឿងស្រវឹងជាដើម។
ជាមួយគ្នានេះលោកក៏ស្នើឱ្យប្រជាពលរដ្ឋមានការចូលរួមចំណែកការដើម្បីលើកកម្ពស់សីលធម៌ដល់សង្គម ប្រកបដោយសុខដុមនីយកម្ម ក្នុងគ្រួសារខ្មែរ និងចូលរួមរក្សាសណ្តាប់ធ្នាប់សោភ័ណភាព នៅតាមផ្លូវ ទីប្រជុំជននានាឬនៅតាមដងផ្លូវសាធារណៈ នៅក្នុងភូមិសាស្ត្រខេត្តកែបទាំងអស់គ្នា។ លោកក៏បានណែនាំឱ្យអាជ្ញាធរក្រុង ស្រុកត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្តជារៀងរាល់ខែ៕