រដ្ឋ្ឋមន្រ្តីបរិស្ថាន លើកទឹកចិត្តឱ្យមន្រ្តីខិតខំពង្រឹងសមត្ថភាព និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញអោយមន្រ្តីត្រូវបំពេញភារកិច្ចឱ្យបានល្អ មានសមត្ថភាព ការសម្រេចចិត្ត និងចេះធ្វើការសម្របសម្រួល និងធ្វើការជាមួយរដ្ឋបាលរាជធានីខេត្ត និងភាគីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងវិស័យបរិស្ថាន។ ការថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹងកនាំ និងមន្ត្រីបរិស្ថានគ្រប់រូប ដែលបានបម្រើការងារយ៉ាងសកម្ម និងលះបង់គ្រប់បែបយ៉ាង ពុះពាររាល់ឧបសគ្គ កាត់ព្រៃ វាលគុម្ព លះបង់អាយុជីវិត ដើម្បីការពារ ថែរក្សាបរិស្ថានកម្ពុជាយើង។
លោករដ្ឋមន្រ្តី បានលើកឡើងពីការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៥លានអង្គ/នាក់។ បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយទទួលបានការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួនជាង៤០០ឃុំ/សង្កាត់ នៅទូទាំងប្រទេស។
ជាថ្មីម្តងទៀត ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត លោករដ្ឋមន្រ្តីបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាអោយមានចីរភាព តាមរយៈការបណ្តុះពន្លកនៃភាពស្អាត «ពន្លកនៃភាពបៃតង» នេះជាបន្តទៀត ដើម្បីឱ្យប្រទេសយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេល វែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី៕