និន្នាការគ្រឿងញៀនសកលមិនថយចុះទេ ខណៈពិភពលោកកំពុងជួបវិបត្តិ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន លួចផលិតកែច្នៃកាន់តែច្រើន

(ភ្នំពេញ)៖ និន្នាការគ្រឿងញៀនសកលមិនថយចុះទេ ប៉ុន្ដែផ្ទុយទៅវិញនៅពេលដែលពិភពលោកកំពុងជួបវិបត្តិផ្សេងៗ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន បែរជាឆ្លៀតឱកាសបង្កើនការលួចផលិតកែច្នៃកាន់តែច្រើនឡើង។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងវេទិកាមួយក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងបែបនេះថា «នាឱកាសពិភពលោកបានជួបបញ្ហាវិបត្តិសង្គ្រាម បញ្ហាសេដ្ឋកិច្ច បញ្ហាជម្លោះប្រដាប់អាវុធ និងក្រោយជួបកូវីត១៩បានធូរស្រាល ពេលនោះក្រុមឧក្រិដ្ឋជនឆ្លៀត ក្នុងការផលិត និងចែកចាយគ្រឿងញៀន ជាពិសេសបច្ចុប្បន្ននេះ គឺផលិតកែច្នៃជាគ្រឿងញៀនសំយោក ដោយមិនប្រើប្រាស់ដីចម្ការដាំដុះនោះទេ ពោលគឺត្រូវការរោង ឬឃ្លាំងដើម្បីផលិត»

លោកបន្ដថា ការផ្លាស់ប្ដូរការផលិតដោយងាយស្រួលជាងមុនត្រង់មិនត្រូវការទីតាំងភូមិសាស្រ្ត និងចំណាយពេលខ្លី នេះជាហេតុនាំឱ្យមានការកើនឡើងគ្រឿងញៀន ស្របពេលដែលទីផ្សារមានតម្រូវការប្រើប្រាស់ផងដែរ។ លោកថា «កម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ គ្រឿងញៀនភាគច្រើនត្រូវបានផលិតនៅតំបន់អឌ្ឍចន្ទមាស តំបន់ត្រីកោណមាស និងអាមេរិកខាងត្បូងជាដើម»

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា នៅតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអប់រំជូនចំពោះប្រជាពលរដ្ឋ និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជាលេខ០១ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds